អាម៉េរិកវា.យប្រ.ហារវ៉េណេស៊ុយអេឡា បណ្តាលឱ្យបា.ត់ប.ង់ជី.វិតមនុស្ស៤០នាក់ ភាគច្រើនគុយបា
N
Nary Vann
05 មករា 2026 01:30 PM

រដ្ឋធានីការ៉ាកាស៖ របាយការណ៍ពីសារព័ត៌មាន ញ៉ូវយ៉កថាមស៍ (The New York Times) ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤០នាក់ រួមមានទាំងជនស៊ីវិល និងទាហាន បានបាត់បង់ជីវិត ក្នុងអំឡុងពេលអាម៉េរិកទម្លាក់គ្រាប់លើរដ្ឋធានីការ៉ាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡា និងប្រតិបត្តិការចូលចាប់ខ្លួនប្រធានាធិបតីប្រទេសនេះ គឺលោក នីកូឡាស ម៉ាឌូរ៉ូ រួមទាំងភរិយាផងដែរ។ សារព័ត៌មានអន្តរជាតិមួយទៀត គឺ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ចុះផ្សាយដោយផ្អែកតាមសេចក្តីប្រកាសរបស់ប្រទេសគុយបា ថា ក្នុងចំណោមអ្នកស្លាប់ទាំង៤០នាក់នោះ មានប្រជាជនគុយបាដល់ទៅ៣២នាក់។ 

មន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការវាយប្រហារនេះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិតមនុស្សជាច្រើនក្នុងពេលតែមួយ។ ចំណែកមន្ត្រីសហរដ្ឋអាម៉េរិក បានប្រាប់ញ៉ូវយ៉កថាមស៍ថា ប្រតិបត្តិការនេះគឺជាការវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់យន្តហោះចម្បាំងជាង១៥០គ្រឿង ដើម្បីកម្ទេចប្រព័ន្ធការពារអាកាសរបស់វ៉េណេស៊ុយអេឡា មុនពេលបញ្ជូនឧទ្ធម្ភាគចក្រដឹកកងកម្លាំងពិសេសទៅកាន់ទីតាំងដែលលោក ម៉ាឌូរ៉ូ ស្នាក់នៅ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងសេតវិមាន និងក្រសួងការពារជាតិអាម៉េរិក នៅមិនទាន់ចេញមុខបញ្ជាក់ជាផ្លូវការអំពីតួលេខអ្នកស្លាប់ ឬទំហំនៃការខូចខាតក្នុងប្រតិបត្តិការនេះនៅឡើយទេ។

ការវាយប្រហាររបស់អាម៉េរិក ធ្វើឡើងនៅអំឡុងម៉ោង២យប់ ឈានចូលថ្ងៃទី៣ ខែមករា អាម៉េរិក។ ទន្ទឹកនឹងការវាយប្រហារនេះ លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា ត្រូវបានកងកម្លាំងអាម៉េរិកចាប់ខ្លួន ហើយដឹកតាមយន្តហោះចេញពីប្រទេស ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាម៉េរិក។ លោក ដូណាល់ ត្រាំ ប្រកាសថា អាម៉េរិកនឹងចូលគ្រប់គ្រងវ៉េណេស៊ុយអេឡារហូតដល់មានការផ្ទេរអំណាចថ្មី ខណៈអ្នករិះគន់បានព្រមានថា ប្រតិបត្តិការដែលបណ្ដាលឱ្យមានការបង្ហូរឈាមនេះ បានរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងអាចធ្វើឱ្យតំបន់អាម៉េរិកឡាទីនទាំងមូល ធ្លាក់ក្នុងអស្ថិរភាពកាន់តែខ្លាំង។ ប៉ុន្តែ ប្រជាជនវ៉េណេស៊ុយអេឡាខ្លួនឯងមួយចំនួនធំ បែរជានាំគ្នាចេញមកអបអរសាទរ និងបង្ហាញការសប្បាយរីករាយតាមដងផ្លូវ ចំពោះការចាប់មេដឹកនាំខ្លួនពីសំណាក់អាម៉េរិក ព្រោះគេយល់ថា មានសេរីភាពឡើងវិញ និងរួចផុតពីរបបដឹកនាំផ្តាច់ការ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត