ថៃព្រមចូលតុចរចាផ្សះផ្សារដោយចាប់បង្ខំតាមសំណើកម្ពុជា តែឆ្លៀតបោះសម្តី«លទ្ធផលមិនត្រូវមានលក្ខណៈបង្ខំឱ្យរាជធានីបាងកកអនុវត្តតាមឡើយ»
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីបាងកក៖ នៅទីបំផុត! ថៃព្រមទទួលយកជាផ្លូវការនូវសំណើរបស់កម្ពុជា ក្នុងការចូលរួមនៃដំណើរយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ (ឬ UNCLOS) ពាក់ព័ន្ធនឹងជម្លោះព្រំដែនសមុទ្ទដ៏រ៉ាំរ៉ៃនៅក្នុងឈូងសមុទ្ទថៃ។ ទន្ទឹមនឹងការព្រមទទួលយកសំណើចរចានេះ ភាគីថៃបានសង្កត់ធ្ងន់ថា ដំណើរការនេះមិនមែនជាការកាត់ក្ដីតាមផ្លូវតុលាការនោះទេ ហើយលទ្ធផលដែលចេញមក នឹងមិនត្រូវមានលក្ខណៈបង្ខំឱ្យរាជធានីបាងកកអនុវត្តតាមឡើយ...។

រូបភាព​៖ The Nation
រូបភាព​៖ The Nation

ក្រសួងការបរទេសថៃ អះអាងថា ថៃបានដាក់លិខិតឆ្លើយតបផ្លូវការមកកាន់ភាគីកម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីកម្ពុជាបានផ្ញើលិខិតជូនដំណឹងដល់ប្រទេសថៃកាលពីថ្ងៃទី២ ខែមិថុនា។ រាជធានីបាងកក បញ្ជាក់ថា ដំណើរការនេះគួរតែត្រូវបានកម្រិតត្រឹមតែរឿងការខណ្ឌសីមាព្រំដែនសមុទ្ទតែមួយគត់ នៅក្រោមច្បាប់ UNCLOS ដោយទុកព្រំដែនគោក ឬ MoU43 នៅមួយអន្លើសិន។ នៅក្នុងលិខិតឆ្លើយតបនោះ ភាគីថៃ បានតែងតាំងរដ្ឋមន្ត្រីការបរទេស លោក សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) ធ្វើជាតំណាងភ្នាក់ងារចរចានៅក្នុងដំណើរការផ្សះផ្សានេះ ខណៈ លោក ទ្រង់ជ័យ ឆៃបដិយុទ្ធ (ทรงชัย ไชยปฏิยุทธ์) ឯកអគ្គរាជទូតថៃប្រចាំប្រទេសកូវ៉ែត ត្រូវបានតែងតាំងជាអនុតំណាងភ្នាក់ងារចរចា។ ទន្ទឹមនោះ ថៃក៏បានតែងតាំងអ្នកជំនាញចរចាចំនួន២រូបផងដែរ គឺលោក អាល់បឺត ជេ ហុហ្វម៉ាន់ (Albert J Hoffmann) មកពីអាហ្វ្រិកខាងត្បូង និងលោក រូឌីហ្គឺ វ៉ុលហ្វ្រុម (Rüdiger Wolfrum) មកពីប្រទេសអាល្លឺម៉ង់។

សូមជម្រាបថា រាជធានីបាងកក បានទន្ទេញជាប់មាត់ដដែលៗថា ជម្លោះដែនសមុទ្ទនេះ គប្បីត្រូវត្រឡប់ទៅរកកិច្ចចរចាទ្វេភាគីវិញ នៅចុងបញ្ចប់។ គេនៅចាំបានថា កាលពីខែឧសភា កន្លងទៅ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឬ MoU44 ជាមួយកម្ពុជា ដោយឯកតោភាគី និងតាមទំនើងចិត្ត។ បន្ទាប់ពីការលុបចោលភ្លាម លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានរលាស់អណ្តាតថា ការសម្រេចចិត្តនេះ មិនមែនទាក់ទងនឹងជម្លោះជាមួយកម្ពុជាទេ ប៉ុន្តែផ្អែកលើកង្វះខាតវឌ្ឍនភាពក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ដោយសារតែថៃគឃ្លើន និងចង់ដើរខ្សែលើ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមដំណើរការយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ទអន្តរជាតិ ឬ UNCLOS៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត