
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានយុវជនមួយចំនួនស្លៀកពាក់មិនសមរម្យ និងសម្ដែងកាយវិការខុសឆ្គងពេលចូលវត្តអារាម ហើយថតបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សាសនា និងប្រពៃណី។ ដូច្នេះ ក្រសួងធម្មការ និងសាសនា ក៏ចេញសេចក្តីណែនាំសំខាន់ៗចំនួន៧ចំណុច នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

ទី១. មិនត្រូវស្លៀកសម្លៀកបំពាក់មិនសមរម្យចូលក្នុងបរិវេណវត្ត ដូចជា សម្លៀកបំពាក់ស្តើង អាវវៀលខ្នង អាវខ្សែទោល ខោ ឬសំពត់ខ្លីលើជង្គង់ និងរឹបបន្តឹងរាងកាយលេចលើលេចក្រោម ទៅថ្វាយបង្គំព្រះសង្ឃ ថ្វាយបង្គំព្រះពុទ្ធរូប និងថតរូបបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។ ទី២. គ្រប់វត្តអារាម ជាពិសេសអារាមទេសចរណ៍ ត្រូវត្រៀមក្រមាខ្មែរ កន្សែងដណ្ដប់ ឬសំពត់វែង សម្រាប់ពុទ្ធបរិស័ទជាស្ត្រី ឬជនបរទេស ដែលមិនបានត្រៀមសម្លៀកបំពាក់សមរម្យពេលចូលក្នុងបរិវេណវត្ត។ ទី៣. ត្រូវរក្សាឥរិយាបថថ្លៃថ្នូរ ដោយមិនប្រព្រឹត្តសកម្មភាពស្នេហាក្នុងវត្តអារាម កុំពាក់មួក កុំរោទិ៍ និងចុចស៊ីផ្លែម៉ូតូ-ឡានក្នុងបរិវេណវត្ត (សម្រាប់ម៉ូតូ និងកង់ ត្រូវចុះបណ្តើរចាប់ពីខ្លោងទ្វារ)។ លើសពីនេះ ត្រូវដោះស្បែកជើងពេលឡើងលើព្រះវិហារ ឧបដ្ឋានសាលា (សាលាឆាន់) កុដិព្រះសង្ឃ និងទីសក្ការៈ ហាមនិយាយឡូឡា ស្រែកហ៊ោកញ្ជ្រៀវ លេងសើចហួសប្រមាណ ឬប្រើពាក្យអសុរោះ។ ទី៤. មិនផឹកគ្រឿងស្រវឹងក្នុងបរិវេណវត្ត និងមិនត្រូវចូលវត្តក្នុងពេលស្រវឹង។

ទី៥. ហាមយកវត្តអារាមធ្វើជាកន្លែងប្រព្រឹត្តអំពើឆបោក និងល្បែងស៊ីសងគ្រប់ប្រភេទ។ ទី៦. ពេលជួបព្រះសង្ឃ ត្រូវបង្អោនកាយ ឬលើកដៃសំពះ បង្ហាញការគោរពហើយប្រើភាសា ឱ្យបានត្រឹមត្រូវ។ ពេលប្រគេនទេយ្យទាន ឬទេយ្យវត្ថុផ្សេងៗ សម្រាប់ស្ត្រីត្រូវរក្សាគម្លាតពីព្រះសង្ឃ មិនត្រូវឱ្យប៉ះពាល់ព្រះកាយព្រះសង្ឃ ចំណែកឥរិយាបថនៃការអង្គុយ ទាំងបុរស និងស្ត្រី ត្រូវអង្គុយបត់ជើងឱ្យមានរបៀបរៀបរយ ដោយមិនត្រូវសណ្តូកជើងទៅរកព្រះសង្ឃ ឬព្រះពុទ្ធរូបទេ។ ទី៧.ចូលរួមថែរក្សាអនាម័យបរិស្ថានក្នុងបរិវេណវត្ត ដោយមិនត្រូវចោលសំរាមពាសវាលពាសកាល និងមិនត្រូវគូសវាសលើជញ្ជាំងព្រះវិហារ ។ល។

ក្រសួងធម្មការគូសបន្ថែមថា វត្តអារាមមិនត្រឹមតែជាបូជនីយដ្ឋាន ដែលពុទ្ធបរិស័ទ ទូទៅគោរពសក្ការបូជាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអប់រំ បណ្ដុះនូវគុណធម៌ សីលធម៌ និងសុជីវធម៌ខ្មែរ ជាមជ្ឈមណ្ឌលថែរក្សាអក្សរសាស្ត្រ ឯកសារប្រវត្តិសាស្ត្រ ជាកន្លែងអភិរក្សស្ថាបត្យកម្មប្រពៃណី ជាជង្រុកនៃទំនៀមទម្លាប់ សាសនា ពិធីបុណ្យផ្សេងៗ និងជាបេះដូងនៃអត្តសញ្ញាណជាតិទៀតផង។ ក្រសួង សង្ឃឹមថា សាធារណជន ជាពិសេសយុវជនត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន៕




