
រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ ក្រសួងធម្មការ និងសាសនា បានណែនាំដល់គ្រប់វត្តអារាមទាំងអស់ ត្រូវរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិឱ្យស្របតាមប្រពៃណីសាសនា ទំនៀមទម្លាប់ខ្មែរ…។

តាមរយៈសេចក្ដីណែនាំដែលបានផ្សព្វផ្សាយនៅថ្ងៃទី៧មេសានេះ ក្រសួងធម្មការ បានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក, ព្រះចៅអធិការ, អាចារ្យ, គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម ដោយចងទង់ជាតិ, ទង់សាសនា, ទង់ព្រះមហាក្សត្រ, បដា, ពាក្យស្លោកឱ្យបានសមរម្យ និងសហការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាមឱ្យស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ។ ដូចជា៖ រៀបចំពិធីពូនភ្នំខ្សាច់, ស្រង់ព្រះពុទ្ធរូប, ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ, ជូនសីលវន្ត, សីលវតី, មាតា បិតា, ចាស់ព្រឹទ្ធាចារ្យជាដើម។

លើសពីនេះ គ្រប់វត្ដអារាម ត្រូវចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន និងស្តូបតាមវត្តអារាមនានា។ ក្រសួងធម្មការ ក៏បានណែនាំឱ្យគ្រប់វត្ដអារាម សហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនពុទ្ធបរិស័ទ និងរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ។ ការណែនាំដូច្នេះ ក្នុងគោលបំណងឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ៕



