
ភ្នំពេញ៖ នាពិធីដាក់ឱ្យសម្ពោធជាផ្លូវការនូវ«សួនរុក្ខជាតិអង្គរ» នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យវត្តអារាមនានាត្រូវដាំដើមឈើឱ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់វត្ត និងម្លប់ដល់ពុទ្ធបរិស័ទ។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គ្រប់វត្តអារាមនានា គឺមិនត្រូវទុកដីឱ្យទំនេរចោលឡើយ គឺត្រូវយកចិត្តទុកដាក់ដាំដើមឈើឱ្យបានកាន់តែច្រើន ជាពិសេសរៀបចំជាសួនរុក្ខជាតិ ដើម្បីឱ្យវត្តរបស់ខ្លួនមានបរិយាកាសល្អ និងខ្យល់បរិសុទ្ធ។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ដូច្នេះថា៖«នៅខេត្តសៀមរាបមានវត្តប៉ុន្មាន គឺយើងធ្វើសួនរុក្ខជាតិ គ្រប់វត្តអារាមទាំងអស់ យ៉ាងហោចណាស់មានដី២ហិកតា គ្រប់វត្តទាំងអស់ គឺត្រូវចេញផែនការដាំដើមឈើ ដើម្បីសម្របសម្រួលដល់អាកាសធាតុខ្លួនឯង ជាមួយនឹងខ្យល់ និងជាមួយនឹងការប្រឹងថែខ្លួនឯងនឹងឫសគល់ ទៅដល់ផ្លែផ្កា។ វត្តអារាមទាំងអស់កុំទុកឱ្យដីទំនេរ ហើយត្រូវដាំដើមឈើ ដើម្បីជួយឱ្យត្រជាក់ និងសម្រួលដល់អាកាសធាតុ កុំគេថានៅក្នុងវត្តគឺក្តៅ»។
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នឹងស្នើឱ្យវត្តអារាមនានាដំាដើមឈើ តាមរយៈធ្វើលិខិតផ្ញើទៅគណៈសង្ឃនាយកនាសប្តាហ៍ក្រោយ។ ឯកឧត្តម ជា សុផារ៉ាបានអះអាងថា សំណើដាំដើមឈើនៅក្នុងវត្តនេះ នឹងជាគំរូដើម្បីបណ្តុះស្មារតីដល់ទីតំបន់នានាអាចនាំគ្នាដាំដើមឈើផងដែរ។

បច្ចុប្បន្ននេះនៅទូទាំងប្រទេសកម្ពុជាមានវត្តអារាមចំនួន៤,៩៧៩វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ។ កន្លងមក«វត្តសិរិសាគរ ដូនស្ដើង» នៅក្នុងខេត្តព្រៃវែង បានទទួលបណ្ណសរសើរមេត្រីភាពបរិស្ថានថ្នាក់ជាតិឆ្នាំ២០២១ ពីក្រសួងបរិស្ថានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ការជំរុញឱ្យវត្តមួយនេះទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន គឺដោយសារវត្តមួយនេះបានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការដាំបន្លែផ្លែឈើ និងការរស់នៅដោយចីរភាព ប្រកបដោយភាពបៃតងនៅក្នុងវត្ត៕










