
រាជធានីបាងកក៖ គ្រោះរញ្ជួយដីកម្រិតស្រាល ២,៩រ៉ិចទ័រ ក្នុងជម្រៅដីត្រឹមតែ១គីឡូម៉ែត្រ បានធ្វើឱ្យញ័រស្រុកម៉ែសត (Mae Sot) ខេត្តតាក់ (Tak) ប្រទេសថៃ។ រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតណាមួយនៅឡើយទេ។

ផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង៤ និង៣២នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨មិថុនានេះ ដោយមានចំណុចកណ្ដាលស្ថិតនៅក្នុងឃុំ ម៉ែកាសា (Mae Kasa) ស្រុកម៉ែសត ខេត្តតាក់។ ផលប៉ះពាល់នៅក្បែរចំណុចកណ្ដាលនៃការរញ្ជួយដីនេះ ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតនៅក្នុងកម្រិតទី២ ដែលមានន័យថា ប្រជាពលរដ្ឋនៅក្នុងតំបន់គ្រាន់តែអាចទទួលអារម្មណ៍ដឹងពីការរញ្ជួយបន្តិចបន្តួចប៉ុណ្ណោះ។

អាជ្ញាធរបានបញ្ជាក់បន្ថែមថា ដោយសារតែទំហំ និងចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះមិនទាន់គ្រប់លក្ខខណ្ឌវិនិច្ឆ័យ ដូច្នេះប្រព័ន្ធគ្រប់គ្រងមិនបានផ្ញើសារព្រមានអាសន្នជាប្រព័ន្ធ ទៅកាន់ទូរសព្ទដៃរបស់សាធារណជនឡើយ ប៉ុន្តែសមត្ថកិច្ចនឹងបន្តផ្តល់ព័ត៌មានលម្អិតបន្ថែមក្នុងពេលឆាប់ៗខាងមុខ៕




