
រាជធានីភ្នំពេញ៖ តាមរយៈគម្រោងទ្រង់ទ្រាយតូចស្តីពីសន្តិសុខមនុស្សជាតិ (KUSANONE) ប្រទេសជប៉ុន បន្តផ្តល់រថយន្តដឹកសំរាមចំនួន១០គ្រឿងបន្ថែមដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ពិធីប្រគល់ និងទទួលរថយន្តដឹកសំរាមនេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរាជទូត និងប្រជាពលរដ្ឋជប៉ុនទាំងអស់ ដែលបានរួមចំណែកជាមួយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដោយផ្តោតជាអាទិភាព លើភាពស្អាត ភាពបៃតង និងចីរភាព ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាស្អាត តាមរយៈវិធានការគន្លឹះជាជំហានៗ ដែលក្រសួងបរិស្ថានកម្ពុជា កំពុងបន្តយ៉ាងសកម្ម គឺការអប់រំ ផ្សព្វផ្សាយ ដើម្បីផ្លាស់ប្ដូរឥរិយាបថ និងកៀរគរការចូលរួមពីសាធារណជន។

គួរជម្រាបថា គម្រោងទ្រង់ទ្រាយតូចស្តីពីសន្តិសុខមនុស្សជាតិ (KUSANONE) គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលចាប់ផ្ដើមនៅកម្ពុជាតាំងពីឆ្នាំ១៩៩១ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍មូលដ្ឋានដោយផ្ទាល់។ គម្រោងនេះផ្តោតលើសុខាភិបាល អប់រំ ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា៕





