
ហ្សឺណែវ៖ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅក្នុងប្រទេសស្វីស បានអូសបន្លាយចូលដល់ថ្ងៃទី២ ពោលគឺនៅថ្ងៃចន្ទទី២២មិថុនានេះ បន្ទាប់ពីជំនួបបើកឆាកកាលពីថ្ងៃអាទិត្យ បានប្រឈមនឹងភាពតានតឹងខ្លាំង ដោយសារភាគីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្ទហ័រមូស្សជាថ្មី ខណៈប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គំរាមកំហែងកម្ទេចអ៊ីរ៉ង់ និងត្រៀមវាយប្រហារឡើងវិញ បើរដ្ឋធានីតេហេរ៉ង់មិនព្រមបើកផ្លូវទឹកដ៏សំខាន់នេះ...។

អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន (JD Vance) បានដឹកនាំការចរចាផ្ទាល់ជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ នៅឯប្រទេសស្វីស ជំរុញការអនុវត្តលក្ខខណ្ឌនៃអនុស្សរណៈយោគយល់គ្នា (MoU) កាលពីសប្តាហ៍មុន ក្នុងគោលបំណងពន្យារពេលបទឈប់បាញ់បណ្តោះអាសន្ន តាំងពីខែមេសា ឱ្យបាន៦០ថ្ងៃបន្តទៀត។ ទោះជាយ៉ាងណា ស្ថានការណ៍ បានប្រែជាល្អក់កករភ្លាមៗ នៅពេល ត្រាំ ព្រមានចំៗទៅកាន់មន្ត្រីអ៊ីរ៉ង់ថា៖«អ្នកនឹងលែងមានប្រទេសទៀតហើយ» ប្រសិនបើហ៊ានបិទច្រកសមុទ្ទនោះ។ លោក ត្រាំ ថែមទាំងបានបង្ហោះសារលើបណ្តាញសង្គមបន្ថែមថា៖«អ៊ីរ៉ង់ត្រូវតែបញ្ឈប់ក្រុមស្រមោលស៊ីឈ្នួលរបស់ពួកគេនៅលីបង់ [ក្រុមហេហ្សបូឡា] មិនឱ្យបង្កបញ្ហាបន្តទៀត។ បើពួកគេមិនធ្វើទេ យើងនឹងវាយប្រហារអ៊ីរ៉ង់ឱ្យធ្ងន់ធ្ងរជាងសប្តាហ៍មុនទៅទៀត!»។

សារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានទម្លាយថា ក្រុមអ្នកចរចាអ៊ីរ៉ង់បានបដិសេធមិនព្រមចូលបន្ទប់ចរចាឡើងវិញឡើយ ក្រោយឮការគំរាមកំហែងរបស់ ត្រាំ ដោយសុខចិត្តបញ្ជូនសារឆ្លងកាត់អ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតាជំនួសវិញ។ ភាគីអ៊ីរ៉ង់ បានកំណត់លក្ខខណ្ឌដាច់ខាតថា ខ្លួននឹងមិនជជែករឿងកម្មវិធីនុយក្លេអ៊ែរជាដាច់ខាត បើសហរដ្ឋអាម៉េរិកមិនព្រមអនុវត្តតាមលក្ខខណ្ឌនៃអនុស្សរណៈយោគយល់ (MoU) ជាមុនទេ ជាពិសេស ការដោះលែងទ្រព្យសម្បត្តិដែលបង្កកទុក និងការផ្ដល់ការលើកលែងពន្ធលើការនាំចេញប្រេង។

កិច្ចចរចាជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីឥស្សរជនសំខាន់ៗនៃភាគីទាំងសងខាង រួមមាន៖ ភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយអនុប្រធានាធិបតី លោក ជេឌី វ៉ាន រួមជាមួយក្រុមអ្នកចរចាជាន់ខ្ពស់ លោក ជេរេដ ខូស្នឺ (Jared Kushner) និងលោក ស្ទីវ វិតខូហ្វ (Steve Witkoff)។ ចំណែកភាគីខាងសហព័ន្ធអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា លោក Mohammad Bagher Qalibaf រួមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោក អាបាស អារ៉ាឈី (Abbas Araghchi) ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីធនាគារកណ្តាល និងក្រសួងប្រេងកាត។ ជំនួបដ៏តានតឹងនេះ អាចសម្រេចទៅបាន គឺក្រោមការសម្របសម្រួលយ៉ាងដុតដៃដុតជើងពីសំណាក់ក្រុមអ្នកសម្របសម្រួលអន្តរជាតិ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif រួមជាមួយក្រុមអ្នកការទូតកណ្តាលមកពីប្រទេសកាតាផងដែរ៕




