បើកបានមួយភ្លែត អ៊ីរ៉ង់ក៏បិទច្រកហ័រមូស្សវិញ ដោយសារខឹងអ៊ីស្រាអែលបន្តវាយលីបង់
N
Nary Vann
15 ម៉ោងមុន

ទីក្រុងហ្សឺណែវ៖ ក្រុមអ្នកចរចារបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយ ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន។ ទោះជាយ៉ាងណា ជំនួបដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យទី២១មិថុនានេះ ដោយមានប៉ាគីស្ថាន និងកាតាជាអ្នកសម្របសម្រួល បានជួបឧបសគ្គធំភ្លាមៗ បន្ទាប់ពីរដ្ឋធានីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្ទហ័រមូស្សវិញ ដើម្បីឆ្លើយតបទៅនឹងអ៊ីស្រាអែល ដែលបើកការវាយប្រហារយ៉ាងចាស់ដៃលើលីបង់។ អ៊ីរ៉ង់ ព្រមានថា កិច្ចចរចានឹងមិនអាចសម្រេចអ្វីបានឡើយ បើការប្រយុទ្ធគ្នានៅតែបន្ត

ចំណែកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ឯណោះ បានបង្ហោះសារព្រមានខ្លាំងៗថា អាម៉េរិកនឹងដាក់ពន្ធ ឬយកកម្រៃលើការឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយមិនអាចសម្រេចបានក្នុងរយៈពេល៦០ថ្ងៃខាងមុខ។ លោក ត្រាំ បានលើកឡើងដោយឌឺដងថា ថវិកាដែលប្រមូលបានទាំងនោះ គឺទុកសម្រាប់តម្លៃសេវាកម្មដែលអាម៉េរិកដើរតួជាអ្នកការពារ ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ទោះបីជាលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងតម្រូវឱ្យបើកផ្លូវទឹកនេះដោយសេរី និងគ្មានការយកប្រាក់ក្នុងរយៈពេល៦០ថ្ងៃក៏ដោយ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

គួររំលឹកផងដែរថា ដើមឡើយ កិច្ចចរចានេះត្រូវធ្វើឡើងតាំងពីថ្ងៃ១៩មិថុនាម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារភាគីអ៊ីរ៉ង់បដិសេធមិនចូលរួម ក្រោយអ៊ីស្រាអែលអង្រួនសមរភូមិលីបង់។ បច្ចុប្បន្ន អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន (JD Vance) រួមទាំងក្រុមការងារជាន់ខ្ពស់ ដូចជា លោក Jared Kushner កំពុងស្ថិតក្នុងប្រទេសស្វីស ខណៈខាងភាគីអ៊ីរ៉ង់ដឹកនាំដោយប្រធានសភា លោក Mohammad Bagher Qalibaf។ មុនចាប់ផ្តើមការជជែក ក្រសួងការបរទេសអ៊ីរ៉ង់បានគូសបញ្ជាក់រួចជាស្រេចថា បើការប្តេជ្ញាចិត្តសំខាន់ៗមិនត្រូវបានគោរពទេ នោះកិច្ចព្រមព្រៀងសន្តិភាពទាំងមូល នឹងត្រូវរលាយជាមិនខាន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត