
មជ្ឈិមបូព៌ា៖ នាវាដឹកប្រេងបានចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សជាធម្មតាឡើងវិញ ខណៈសហរដ្ឋអាម៉េរិកបានប្រកាសលែងបិទខ្ទប់ផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៨ ខែមិថុនា ស្របពេលដែលកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នបានចាប់ផ្តើមមានប្រសិទ្ធភាព ទោះបីជាបញ្ហាគន្លឹះជាច្រើនរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយក្ដី។

ការបើកផ្លូវទឹកដ៏សំខាន់ដែលក្តោបក្តាប់រហូតដល់មួយភាគប្រាំ នៃរំហូរផ្គត់ផ្គង់ប្រេងសកលលោកនេះ បានធ្វើឱ្យតម្លៃប្រេងឆៅអន្តរជាតិដាំក្បាលចុះមកនៅត្រឹមកម្រិតទាបបំផុតវិញ។ ទោះជាយ៉ាងណា ភាពរកាំរកូសនៅតែបន្តកើតមាន ដោយសារតែអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើក្រុមហេហ្សបូឡានៅលីបង់ ដែលបង្កជាមន្ទិលថា តើកិច្ចព្រមព្រៀងនេះអាចទ្រាំទ្របានយូរប៉ុនណា? ស្របពេលជាមួយគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណី (Ayatollah Mojtaba Khamenei) បានផ្ញើសារព្រមានថា លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយសារតែភាពទាល់ច្រក និងបានសង្កត់ធ្ងន់ថា៖«ប្រសិនបើភាគីអាម៉េរិកហ៊ានទាមទារខ្លាំងពេក យើងនឹងមិនទទួលយកជាដាច់ខាត»។

យោងតាមលក្ខខណ្ឌដែលដឹកនាំដោយអនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន (JD Vance) ភាគីទាំងសងខាងមានពេល៦០ថ្ងៃ ដើម្បីចរចាលើកម្មវិធីនុយក្លេអ៊ែរ និងកំណត់ពីកញ្ចប់ថវិកាស្តារឡើងវិញចំនួន៣០០ពាន់លានដុល្លារ រួមទាំងការរឹតបណ្តឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ផងដែរ។ ក្រុមអ្នករិះគន់មើលឃើញថា លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសសង្រ្គាមក្នុងបំណងកម្ទេចអាវុធនុយក្លេអ៊ែរ កាត់ផ្តាច់ឥទ្ធិពលមីស៊ីល និងចង់ផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ ព្រមទាំងទាមទារឱ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» តែទីបំផុតបែរជាត្រូវមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងដែលមិនទាន់សម្រេចបាននូវគោលដៅណាមួយឡើយ ដែលនេះធ្វើឱ្យគេវាយតម្លៃថា អ៊ីរ៉ង់កំពុងស្ថិតក្នុងជំហរការទូតដ៏រឹងមាំជាងមុន ក្រោយអាចទប់ទល់នឹងការវាយប្រហារពីមហាអំណាចពិភពលោកបានដោយជោគជ័យ។ តើអាម៉េរិក-អ៊ីរ៉ង់ នឹងចាប់ដៃគ្នារក្សាសន្តិភាពបានយូរប៉ុនណា? គេនឹងរង់ចាំមើលទៅមុខទៀត៕




