
រដ្ឋធានីការ៉ាកាស៖ រដ្ឋាភិបាលរបស់វ៉េណេស៊ុយអេឡានៅថ្ងៃទី២ តុលា បានរិះគន់ការលុកលុយខុសច្បាប់នៅជិតព្រំដែនរបស់ខ្លួនដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក ហើយបានចោទប្រកាន់សហរដ្ឋអាម៉េរិកពីការយាយីយោធា និងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស។

រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោកឧត្តមសេនីយ៍ វ្ល៉ាឌីមៀ ប៉ាដ្រីណូ បាននិយាយពីមូលដ្ឋានទ័ពអាកាសកាលពីថ្ងៃទី២ តុលាថា យ៉ាងហោចណាស់យន្តហោះចម្បាំង F-35 ចំនួន៥ គ្រឿងត្រូវបានគេរកឃើញ នៅក្នុងអ្វីដែលលោកពិពណ៌នាថា ជាការគំរាមកំហែងដោយប្រទេសចក្រពត្តិនិយមអាម៉េរិកចូលមកជិតឆ្នេរសមុទ្រវេណេស៊ុយអេឡា។ លោកបន្តថា៖«យើងកំពុងឃ្លាំងមើលពួកវា ខ្ញុំចង់ឱ្យអ្នកដឹង ហើយខ្ញុំចង់ឱ្យអ្នកដឹងថា នេះមិនគំរាមកំហែងយើងទេ។ វាមិនបំភិតបំភ័យប្រជាជនវេណេស៊ុយអេឡាទេ»។ លោក ប៉ាដ្រីណូ បានសង្កត់ធ្ងន់ថា៖«វត្តមានរបស់យន្តហោះទាំងនេះដែលហោះហើរជិតសមុទ្រការីបៀនរបស់យើងគឺជាអំពើមិនសមរម្យ ហើយការញុះញង់គំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជាតិ»។

ប្រមុខការទូតរូបនេះដដែលបានលើកឡើងទៀតថា៖«ខ្ញុំសូមថ្កោលទោសចំពោះមុខពិភពលោកចំពោះការយាយីផ្នែកយោធា ការគំរាមកំហែងដោយយោធារបស់រដ្ឋាភិបាលអាម៉េរិកប្រឆាំងនឹងប្រជាជនវ៉េណេស៊ុយអេឡា ដែលចង់បានសន្តិភាព ការងារ និងសុភមង្គល»។ ទន្ទឹមនឹងនោះ អាជ្ញាធរវេណេហ្ស៊ុយអេឡាបានបញ្ជាក់ថា វត្តមានរបស់យន្តហោះចម្បាំងអាម៉េរិកត្រូវបានរកឃើញដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិ Maiquetia។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រសួងការបរទេស និងការពារជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡា បានអះអាងថា៖« យន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក ត្រូវបានរកឃើញនៅចម្ងាយ៧៥ គីឡូម៉ែត្រពីច្រាំងសមុទ្ររបស់យើង។ ប្រសិនបើយន្តហោះទាំងនោះមិនចូលមកចម្ងាយប្រហែល២២ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់យើងទេ នោះពួកវាមិនបានបំពានដែនអាកាសរបស់យើងឡើយ»។ ទោះយ៉ាងណាក៏ដោយ ក្រសួងបានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យគ្រោះថ្នាក់ដល់អាកាសចរណ៍ស៊ីវិលនៅសមុទ្រការ៉ាបៀន។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសវេណេហ្ស៊ុយអេឡាជំរុញឱ្យរដ្ឋមន្ត្រីក្រសួងសង្រ្គាមរបស់អាម៉េរិក លោក ភីត ហេគសេត បញ្ឈប់ជាបន្ទាន់នូវអាកប្បកិរិយាមិនប្រុងប្រយ័ត្ន យាយី និងបំពាន ដែលជាការរំខានដល់សន្តិភាពនៃសមុទ្រការីបៀន។

គួរបញ្ជាក់ថា នាវាចម្បាំងអាម៉េរិកចំនួន៨ គ្រឿង និងនាវាមុជទឹកនុយក្លេអ៊ែរ១ គ្រឿងក៏ត្រូវបានដាក់ពង្រាយអមជាមួយយន្តហោះចម្បាំង F-35 ទៅកាន់តំបន់ដែលជាផ្នែកមួយនៃប្រតិបត្តិការដែលហៅថារបស់លោក ត្រាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន៕


