
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករឃើញថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ មានភ្លៀងធ្លាក់ដែលបង្កឱ្យកម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បន្តកើនទ្បើង..។

ក្រសួង បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះហ៊ីហ្កូស។ គន្លងផ្លូវដើររបស់ព្យុះនេះ ស្របនឹងព្យុះមេខាឡា ហើយបានវិវត្តទៅជាព្យុះសង្ឃរា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បោកបក់លើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេនហ្កាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ»។ កត្តាទាំងនេះ បង្កឱ្យតំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៣៥ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមាមួយម៉ែត្រកន្លះ។

រីឯតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ហើយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បកមកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។

ស្របជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានបញ្ជាក់ផងដែរថា ទឹកទន្លេមេគង្គ-ស្ទឹងត្រែង ទឹកទន្លេមេគង្គ-ក្រចេះ ទឹកទន្លេមេគង្គ-កំពង់ចាម ទឹកទន្លេមេគង្គ-អ្នកលឿង ទឹកទន្លេបាសាក់-កោះខែល ទឹកទន្លេបាសាក់-ចតុមុខ ទឹកទន្លេសាប-ព្រែកក្តាម នឹងកើនកម្ពស់៕






