រួមគ្នាកសាងសង្គមឱ្យស្អាតស្អំ៖ ប្រមុខរាជរដ្ឋាភិបាលអំពាវនាវជនរួមជាតិ ឱ្យបន្តរាយការណ៍បទល្មើសគ្រឿងញៀនទៅសមត្ថកិច្ច
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយចូលរួមគ្រប់មធ្យោបាយលើកកម្ពស់ការអប់រំផលប៉ះពាល់នៃគ្រឿងញៀន និងជួយរាយការណ៍បទល្មើសគ្រឿងញឿនគ្រប់ប្រភេទទៅកាន់អាជ្ញាធរ...។

សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បើទោះបីជារាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់បេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ពិតមែន តែនិន្នាការនៃបទឧក្រិដ្ឋគ្រឿងញៀនសកលលោក ពុំទាន់បង្ហាញនូវសញ្ញាណថមថយនៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ ជាមួយការវិវត្តដ៏លឿនរហ័សនៃបញ្ញាសិប្បនិម្មិត (AI) ភាពវឹកវរមិនច្បាស់លាស់នៃស្ថានភាពសន្តិសុខសកល ការប្រកួតប្រជែងប្រទាញប្រទង់ភូមិសាស្ត្រនយោបាយដ៏តានតឹង សង្គ្រាមពាណិជ្ជកម្ម និងការរីករាលដាលឥតឈប់ឈរនៃជម្លោះប្រដាប់អាវុធ កម្ពុជាត្រូវតែត្រៀមខ្លួនជានិច្ចជាមួយភាពច្នៃប្រឌិតនិងបត់បែនខ្ពស់ចំពោះវិញ្ញាសាលំបាកៗ និងបញ្ហាស្មុគស្មាញថ្មីៗដែលបន្តកើតមាននិងបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គមកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងស្របតាមខ្លឹមសារនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំឭកណែនាំ និងអំពាវនាវដល់ជនរួមជាតិ ព្រមួទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយជំរុញចលនាជាតិទូទាំងប្រទេស ចូលរួមគ្រប់មធ្យោបាយ រូបភាព និងវិធីសាស្ដ្រ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបន្តបណ្តុះស្មារតីជាតិ។ សម្តេចលើកឡើងថា «សង្គមកម្ពុជា គឺជាសង្គមដែលស្អាតស្អំប្រកបដោយភាពសុខុដុមរមនា ដាច់ខាតមិនត្រូវការគ្រឿងញៀន»។ សម្ដេចបានជំរុញពលរដ្ឋក្នុងសហគមន៍ទាំងអស់ សូមបន្តធ្វើជាស្ពានតភ្ជាប់ជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍រាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ តាមរយៈកម្មវិធីទូរសព្ទដៃ App NoDrug និងប្រព័ន្ធ Hotline ដើម្បីយកបញ្ហានេះចេញពីសហគមន៍ និងឈានទៅសម្អាតភូមិឃុំសង្កាត់របស់ខ្លួនឱ្យក្លាយជាភូមិឃុំសង្កាត់គ្មានគ្រឿងញៀន។

ដោយឡែក គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុងការចែកចាយនិងការប្រើប្រាស់គ្រឿងញៀន។ មេដឹកនាំកម្ពុជា បានបន្តណែនាំដល់គ្រប់វិស័យទាំងរដ្ឋនិងឯកជន ត្រូវខិតខំបញ្ជាបខ្លឹមសារអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅតាមស្ថាប័ន អង្គភាព សហគ្រាសរៀងៗខ្លួន តាមគ្រប់កម្មវិធី និងវេទិកានានា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត