
ភ្នំពេញ៖ សារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី សរុបជិត៩១តោន ដែលអាជ្ញាធរបង្រ្កាបបាននៅទូទាំងប្រទេស នឹងត្រូវយកទៅដុតបំផ្លាញចោល និងបន្សាប នៅទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងកោះពេជ្រ រាជធានីភ្នំពេញខាងមុខនេះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់អ្នកសារព័ត៌មានSBMថា ក្នុងចំណោមគ្រឿងញៀន និងសារធាតុគីមីសរុបជិត៩១តោន(៩០តោន៨០គីឡូក្រាម ៦៦៤,៣០ក្រោម) ដែលនឹងយកទៅកម្ទេច និងយកទៅបន្សាបនោះ គឺមានសារធាតុញៀនចំនួនជាង៩តោន និងសារធាតុគីមី និងសារធាតុផ្សំចំនួន៨២តោន។
បើតាមអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សារធាតុញៀន និងសារធាតុគីមីសរុបជិត៩១តោននោះ គឺមានសារធាតុញៀន និងសារធាតុគីមីជាង៦តោន នឹងត្រូវយកទៅកម្ទេចចោលដោយវិធីដុត និងសារធាតុញៀន និងសារធាតុគីមីផ្សំ ជាង៨៣តោនទៀតនឹងយកទៅកម្ទេចចោលដោយវិធីបន្សាប។

គូសបញ្ជាក់ថា កម្ពុជាតែងតែប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ ដោយកម្ពុជាប្រារព្ធឡើងតាមរយៈប្រមូលសារធាតុញៀន និងសារធាតុគីមីដែលអាជ្ញាធរបង្រា្កបបានក្នុងមួយឆ្នាំៗយកទៅដុតបំផ្លាញចោល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលបានគំរាមកំហែងដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម ដែលទាមទារឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាពតាមពាក្យស្លោក«៣កុំ ៣រាយការណ៍» កុំពាក់ព័ន្ធ កុំអន្តរាគមន៍ និងកុំលើកលែង និង១រាយការណ៍៕
ខាងក្រោមនេះ គឺជាកម្រងរូបភាពកាលពីអាជ្ញាធរដុតបំផ្លាញចោលសារធាតុញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៖














