តួកគីរង្គោះរង្គើខ្លាំង៖ សមត្ថកិច្ចចាប់វ៉ៃខ្នោះមនុស្សជាង២០០នាក់ ក្រោមហេតុផលជាប់សង្ស័យនឹងក្រុមភេរវករ
Mao Sopha
7 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ ស្របពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូជិតមកដល់ តួកគីដែលជាម្ចាស់ផ្ទះ ក៏បានដាក់ចេញវិធានការដ៏តឹងរ៉ឹង ដោយក្នុងនោះ ក៏មានការរឹតបន្តឹងការប្រមូលផ្តុំគ្នាផងដែរ ជាពិសេសក្នុងរដ្ឋធានីអង់ការ៉ាតែម្តង។ ក្រោមហេតុផលដើម្បីធានាដល់សន្តិសុខ និងសុវត្តិភាពនៃកិច្ចប្រជុំដ៏សំខាន់ ដែលមានមេដឹកនាំធំៗចូលរួម កងកម្លាំងសមត្ថកិច្ចគួកគី បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ តាមរុករក និងកម្ចាត់ក្រុមភេរវករតាមកន្លៀតកៀនកោះទាំងអស់។  

រដ្ឋធានីអង់ការ៉ា
រដ្ឋធានីអង់ការ៉ា

Reuters ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្អែកលើរបាយការណ៍ពីរដ្ឋអាជ្ញាថា ក្នុងប្រតិបត្តិការដ៏សម្បើមនេះ កម្លាំងសមត្ថកិច្ច បានចាប់ឃុំមនុស្សដល់ទៅ២០៩នាក់។ ជនសង្ស័យដែលត្រូវតាមចាប់ មិនមែនត្រឹមតែ២០៩នោះទេ! ការិយាល័យរដ្ឋអាជ្ញានៃរដ្ឋធានីអង់ការ៉ា អះអាងថា តាមពិត តុលាការចេញដីកាចាប់តាមចាប់ជនសង្ស័យសរុប២៤២នាក់ ដោយមានការស៊ើបអង្កេតទៅលើអង្គការសកម្មប្រយុទ្ធជាច្រើនក្នុងប្រទេសគួកគី ដូចជា ក្រុម DHKP-C ក្រុម MLKP និងក្រុម TKP/ML ជាដើម។ មកដល់ពេលនេះ ប្រតិបត្តិការតាមរុករកជនសង្ស័យផ្សេងទៀតដែលនៅសេសសល់ កំពុងដំណើរការ។

កម្លាំងសមត្ថកិច្ចតួកគីចេញប្រតិបត្តិការតាមចាប់ក្រុមមនុស្សដែលសង្ស័យជាប់ពាក់ព័ន្ធអំពើភេរវកម្ម។ 
កម្លាំងសមត្ថកិច្ចតួកគីចេញប្រតិបត្តិការតាមចាប់ក្រុមមនុស្សដែលសង្ស័យជាប់ពាក់ព័ន្ធអំពើភេរវកម្ម។ 

ប្រតិបត្តិការនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីការិយាល័យអភិបាលរដ្ឋធានីអង់ការ៉ា បានប្រកាសហាមប្រាមមិនឱ្យធ្វើបាតុកម្ម សន្និសីទសារព័ត៌មាន និងប្រមូលផ្តុំគ្នាជាសាធារណៈក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ពោលគឺរហូតដល់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ត្រូវបានបញ្ចប់សព្វគ្រប់ដោយសុវត្ថិភាព។ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកក្កដា។ 

កិច្ចប្រជុំកំពូលអង្គការណាតូកន្លងមក
កិច្ចប្រជុំកំពូលអង្គការណាតូកន្លងមក

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន មានទាំងអ្នកកាសែត ក្រុមសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយស្តាំនិយម បូករួមទាំងមេធាវីផងដែរ។ សមត្ថកិច្ច នៅមិនទាន់​បញ្ជាក់​លម្អិត​អំពីបទ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ដែលត្រូវចាប់ខ្លួនទាំងអស់នោះទេ។ ការចាប់ខ្លួនអ្នកទាំងនេះហើយ ដែលនាំឱ្យស្ថានការណ៍នៅតួកគីពេលនេះ មើលទៅហាក់មិនសូវស្រួលប៉ុន្មានឡើយ។ មជ្ឈដ្ឋានជាច្រើន ពិសេសអ្នកប្រឆាំង និងអ្នកនៅក្រៅរដ្ឋាភិបាល មិនសុខចិត្តនោះទេ។  

សមត្ថកិច្ចតួកគី ចាប់ជនសង្ស័យពាក់ព័ន្ធនឹងក្រុមភេរវករ។ 
សមត្ថកិច្ចតួកគី ចាប់ជនសង្ស័យពាក់ព័ន្ធនឹងក្រុមភេរវករ។ 

ក្រុមប្រឆាំង និងក្រុមសិទ្ធិមនុស្ស មើលមិនឃើញពីចំណុចវិជ្ជមានឡើយ តែផ្ទុយមកវិញ ពួកគេ បានរិះគន់ខ្លាំងៗថា ការធ្វើប្រតិបត្តិការ និងការចាប់មនុស្សដ៏ច្រើននេះ ជាផ្នែកមួយនៃការបង្រ្កាបយ៉ាងខ្លាំងក្លាលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពលរដ្ឋ។ គណបក្សប្រជាធិបតេយ្យ និងសមភាព (DEM) ដែលជាគណបក្សប្រឆាំងធំជាងគេនៅគួកគី បានថ្កោលទោសចំពោះប្រតិបត្តិការចាប់មនុស្សជាង២០០នាក់នោះ ហើយបញ្ចេញប្រតិកម្មថា កងកម្លាំងបានចូលវាយឆ្មក់ដល់ផ្ទះរបស់ពួកគេទាំងព្រឹកព្រលឹម ដើម្បីចាប់ពួកគេ៕ 

ការជួបជុំមួយរប់សគណបក្សប្រឆាំង DEM
ការជួបជុំមួយរប់សគណបក្សប្រឆាំង DEM

 

 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត