
រដ្ឋធានីវ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាម៉េរិក នាំគ្នាបោះឆ្នោតអនុម័តលើដំណោះស្រាយមួយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីប្រឆាំង និងកាត់បន្ថយសិទ្ធិអំណាចលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្តសង្គ្រាមជាមួយអ៊ីរ៉ង់។ ក្រៅពីការរារាំង ដំណោះស្រាយនេះ ថែមទាំងមានលក្ខណៈស្តីបន្ទោស និងរិះគន់លោក ត្រាំ ទៀតផង។

ការអនុម័តលើវិធានការ ឬដំណោះស្រាយនេះ ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភា៥០រូប ខណៈ៤៨រូបទៀតបដិសេធ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺមិនមែនតែសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យនោះទេ តែក៏មានសមាជិកព្រឹទ្ធសភា៤រូបមកពីគណបក្សសាធារណរដ្ឋខាងលោក ត្រាំ ខ្លួនឯង ចូលរួមបោះឆ្នោតអនុម័តដែរ។

មុនដល់ដៃព្រឹទ្ធសភា ដំណោះស្រាយនេះ ទទួលបានការអនុម័តពីរដ្ឋសភាមួយតង់រួចមកហើយ។ វិធានការនេះ នឹងតម្រូវឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្វែងរកការអនុញ្ញាតពីរដ្ឋសភាជាមុនសិន ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់។ វាជាវិធានការលើកដំបូងចេញពីរដ្ឋសភា និងព្រឹទ្ធសភាអាម៉េរិក ចាប់តាំងពីអាម៉េរិក និងអ៊ីស្រាអែល រួមគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក។

លោក ឆាក់ ស្គូមើ (Chuck Schumer) មេដឹកនាំសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លើកឡើងថា កំហុសលោក ត្រាំ ទៅលើអ៊ីរ៉ង់ នឹងត្រូវចារក្នុងសៀវភៅប្រវត្តិសាស្រ្ត។ មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភារូបនេះ ប្រើវោហារទិតៀនខ្លាំងៗថា អ្វីដែលលោក ត្រាំ ធ្វើ គឺជាគោលនយោបាយការបរទេសអាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមក ហើយក៏គ្មានប្រទេសណាមួយធ្លាប់ធ្វើបែបនេះដែរ។

តើវិធានការចេញដោយរដ្ឋសភា-ព្រឹទ្ធសភា អាចទប់ស្កាត់លោក ត្រាំ ឱ្យឈប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែរឬទេ? រដ្ឋសភា-ព្រឹទ្ធសភា ចេញវិធានការទប់ស្កាត់សង្គ្រាម ស្របពេលអាម៉េរិក និងអ៊ីរ៉ង់ ក៏បន្តចរចាជាមួយគ្នាដែរ។ ប៉ុន្តែ ការចរចានេះ មិនសូវទទួលបានផ្លែផ្កាល្អប៉ុន្មានឡើយ។

ថ្មីៗនេះ ភាគីទាំង២ ទើបនឹងបានជួបពិភាក្សាគ្នាម្តងទៀត នៅប្រទេសស្វីស តែនិយាយមិនទាន់ត្រូវគ្នានោះទេ ហើយក៏មិនទាន់ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយជាផ្លូវការដែរ។ ក្នុងការចរចានេះ មានភាពអាប់អួរ ដោយតំណាងអ៊ីរ៉ង់ បានងើបដើរចេញ។ ទោះយ៉ាងណា ភាគីទាំង២ យល់ព្រមថា នឹងបន្តពិភាក្សាគ្នាលើកក្រោយទៀត៕




