
រាជធានីភ្នំពេញ៖ ទោះបីសាមីខ្លួនចេញមុខសូមអភ័យទោសជាសាធារណៈ ករណីក្លែងសញ្ញាបត្រវិស្វករ ដែលកំពុងក្លាយជាប្រធានបទក្ដៅមួយក្នុងរង្វង់អ្នកសិក្សា និងការទាមទារឱ្យមានការអនុវត្តច្បាប់ត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា ព្រោះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឬហៅកាត់ថា សាលាតិចណូ បានចេញមុខប្រកាសជាផ្លូវការហើយ ដោយនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត លើបុគ្គលឈ្មោះ ណន សីហា...។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថា វិទ្យាស្ថានបាននិងកំពុងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ ពោលគឺពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ពោលគឺបន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ ព្រមទាំងបានចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា។ បន្ថែមលើនេះ វិទ្យាស្ថាន ក៏បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធីផ្ទៃក្នុង និងនីតិវិធីច្បាប់ ដោយបង្កើតក្រុមការងារ ដែលបាននិងកំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់តាមនីតិវិធី ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និងសាធារណជនផងដែរ។

សូមជម្រាបថា កាលពីពេលកន្លងទៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បដិសេធមិនទទួលស្គាល់សញ្ញាបត្រវិស្វកររបស់ឈ្មោះ ណន សីហា ដែលបានយកមកប្រើប្រាស់ និងអះអាងថា ជាសញ្ញាបត្រក្លែងក្លាយ។ ក្រោយបន្តិចមក អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដដែល ដោយបកស្រាយត្រឡប់ទៅវិញថា ការចុះឈ្មោះទទួលស្គាល់បុគ្គលនេះ នៅក្នុងបញ្ជីវិស្វករកម្ពុជា គឺផ្អែកលើឯកសារដែលបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ គណៈវិស្វករកម្ពុជា បន្ថែមថា ការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ត្រូវបានផ្ទៀងផ្ទាត់លើសញ្ញាបត្រវិស្វករ ដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ ទោះជាយ៉ាងណា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ប្រកាសប្រាប់សាធារណជនថា នឹងរៀបចំនីតិវិធីច្បាប់ ក្នុងការចេញសេចក្តីសម្រេចលុបឈ្មោះបុគ្គល ណន សីហា ចេញពីបញ្ជីវិស្វករកម្ពុជាវិញ៕



