មេដឹកនាំក្រុម G7 ប្តេជ្ញារួមគ្នា «កាត់ស្លាប» អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
N
Nary Vann
10 ម៉ោងមុន

ក្រុងអេវ្យង់-ឡេ-បាំង៖ ក្រុមមេដឹកនាំនៃបណ្តាប្រទេសអ្នកមានទាំងប្រាំពីរ ឬក្រុម G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៧មិថុនា ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍រួមនេះ ចេញនៅក្នុងឱកាសដែលពួកគេបានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល G7 ក្នុងក្នុងទីក្រុងអេវ្យង់-ឡេ-បាំង (Evian-les-Bains) ប្រទេសបារាំង ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍ ក្រុមប្រទេស G7 បានលើកឡើងថា៖«យើងសូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយយើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងពីកូរ៉េខាងជើង ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

ក្រៅពីបញ្ហានុយក្លេអ៊ែរ ក្រុមមេដឹកនាំ G7 ក៏បានជំរុញឱ្យរដ្ឋធានីព្យុងយ៉ាងដោះស្រាយជាបន្ទាន់នូវបញ្ហាចាប់ជំរិតពលរដ្ឋបរទេស (ជាពិសេសពលរដ្ឋជប៉ុន) កាលពីទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ព្រមទាំងរួមគ្នាទប់ស្កាត់ការលួចរូបិយបណ្ណឌីជីថល និងបទល្មើសសាយប៊ឺ (Cybercrimes) ពីសំណាក់កូរ៉េខាងជើងផងដែរ។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់លើបញ្ហាសន្តិសុខសំខាន់ ជុំវិញការកើនឡើងនូវឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានប្រកាសប្រឆាំងដាច់ខាតចំពោះរាល់ការប៉ុនប៉ងឯកតោភាគីណាមួយ ក្នុងបំណងផ្លាស់ប្ដូរស្ថានភាពដើមនៅក្នុងសមុទ្ទចិនខាងកើត សមុទ្ទចិនខាងត្បូង និងច្រកសមុទ្ទតៃវ៉ាន់ ដោយប្រើកម្លាំងបាយ។ លើសពីនេះ ក្រុមមេដឹកនាំ G7 ក៏បានសម្ដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដោយចាត់ទុកថាវាជាឱកាសប្រវត្តិសាស្ត្រក្នុងការទប់ស្កាត់មិនឱ្យរដ្ឋធានីតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ និងជាជំហានដ៏សំខាន់ក្នុងការធានាឱ្យបាននូវការធ្វើដំណើរដោយសេរី គ្មានការបង្ខិតបង្ខំ ឬយកកម្រៃឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស​ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃពាណិជ្ជកម្មអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត