កូរ៉េខាងជើងដកឯកអគ្គរដ្ឋទូតចេញ ក្រោយអង់គ្លេសដាក់ទណ្ឌកម្មលើជំរំកុមារ
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើងបានសម្រេចដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំចក្រភពអង់គ្លេសត្រឡប់ទៅវិញជាបន្ទាន់ បន្ទាប់ពីទើបតែចូលកាន់តំណែងបានត្រឹមតែមួយខែប៉ុណ្ណោះ ដែលនេះជាចំណាត់ការបញ្ចុះកម្រិតទំនាក់ទំនងការទូត ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់អង់គ្លេស លើជំរំកុមារមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន NK News។

ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅរាជធានីឡុងដ៍
ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅរាជធានីឡុងដ៍

ស្ថានទូតកូរ៉េខាងជើងប្រចាំរាជធា​នីឡុងដ៍ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនបានដកឯកអគ្គរដ្ឋទូត លោក មុន ម្យុងស៊ិន (Mun Myong Sin) ត្រឡប់ទៅវិញ និងបានកាត់បន្ថយទំនាក់ទំនងការទូតមកត្រឹមកម្រិត «ភារធារី» (Charge d’affaires) វិញ រហូតទាល់តែចក្រភពអង់គ្លេសដកទណ្ឌកម្មចេញពី «ជំរំកុមារអន្តរជាតិសុងដូវ៉ុន» (Songdowon International Children’s Camp)។ កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលរាជធានីឡុងដ៍បានដាក់ជំរំកុមារមួយនេះទៅក្នុងបញ្ជីខ្មៅ ដោយសាររកឃើញថា មានចំណែកពាក់ព័ន្ធនឹងកម្មវិធីយុវជនពីវិមានក្រឹមឡាំងរបស់រុស្ស៊ី និងអង្គភាពនានាដែលជាប់ពាក់ព័ន្ធនឹងការនិរទេស ក៏ដូចជាការបណ្ដុះបណ្ដាលមនោគមវិជ្ជាដល់កុមារអ៊ុយក្រែន។ ជាការឆ្លើយតប ស្ថានទូតកូរ៉េខាងជើងបានថ្កោលទោសចំណាត់ការរបស់អង់គ្លេសថាជា «ការញុះញង់ដ៏ឃោរឃៅ អសីលធម៌ និងមានទិសដៅនយោបាយអាក្រក់» ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះកូរ៉េខាងជើង និងបំបែកបំបាក់ទំនាក់ទំនងរវាងរដ្ឋធានីព្យុងយ៉ាង និងម៉ូស្គូ។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានព្រមានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីខែមុនផងដែរថា ការដាក់ទណ្ឌកម្មលើជំរំកុមារសុងដូវ៉ុន គឺជាទង្វើដ៏អាក្រក់មួយដែលរាជធានីឡុងដ៍ត្រូវតែទទួលខុសត្រូវ ព្រោះវាបានរំលោភលើសិទ្ធិ និងផលប្រយោជន៍របស់កុមារកូរ៉េខាងជើង។ ដោយឡែក ក្រសួងការបរទេសអង់គ្លេស បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយជុំវិញការចាកចេញរបស់លោក មុន ម្យុងស៊ិន ខណៈស្ថានទូតអង់គ្លេសប្រចាំរដ្ឋធានីព្យុងយ៉ាង បានបន្តបិទទ្វារនៅឡើយ ចាប់តាំងពីសម័យកាលរាតត្បាតកូវីដ-១៩មកម៉្លេះ ទោះបីជាមានការតែងតាំងឯកអគ្គរាជទូតអង់គ្លេសថ្មីប្រចាំកូរ៉េខាងជើងកាលពីឆ្នាំមុនក្ដី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត