ព្រលានយន្តហោះ«តេជោ»កម្ពុជា ជាប់ឈ្មោះជាអាកាសយានដ្ឋានអន្តរជាតិ មានស្ថាបត្យកម្ម និងការរចនាម៉ូដស្រស់ស្អាតទាំង៧ក្នុងលោក

រាជធានីភ្នំពេញ៖ សារព័ត៌មានបរទេសធំៗ និងស្ថាប័នអន្តរជាតិមួយចំនួន បានកត់ត្រាអាកាសយានដ្ឋានអន្តរជាតិ«តេជោ» របស់កម្ពុជា នៅក្នុងបញ្ជីឈ្មោះ «2026 Most Beautiful Airport in the World» ឬព្រលានយន្តហោះដែលស្អាតបំផុតនៅលើពិភពលោក។ បន្ថែមលើនេះ សារព័ត៌មាន Euro News របស់សហភាពអឺរ៉ុប ក៏បានបរិយាយផងដែរ អំពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ ប្រាសាទបុរាណ និងសម្រាស់ធម្មជាតិដ៏ស្រស់បំព្រង ដែលភ្ញៀវបរទេសនៅតំបន់អឺរ៉ុប មិនគួរមើលរំលងប្រទេសកម្ពុជាសោះឡើយ...។

ស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងជាប្រទេសមានអរិយធម៌វ័យចំណាស់មួយក្នុងតំបន់ កម្ពុជាមានប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងជាអតីតចក្រភពដ៏ធំមួយនៅជ្រោយឥណ្ឌូចិន ដែលមានទឹកដីធំទូលាយ និងមានសមន្តរដ្ឋជាច្រើនជាចំណុះកាលពីអតីតកាល។ យ៉ាងណា សមន្តរដ្ឋទាំងនោះ បានប្រកាសឯករាជជាបន្តបន្ទាប់ ក្រោយរាជវង្សខ្មែរចុះអនុភាព និងមានជម្លោះផ្ទៃក្នុង។ យ៉ាងណា រឿងរ៉ាវទាំងនេះ គ្រាន់តែជាដានប្រវត្តិសាស្ត្ររបស់អតីតអាណាចក្រខ្មែរពីអតីតកាលប៉ុណ្ណោះ។ បច្ចុប្បន្ន អាណាចក្រខ្មែរ បានប្តូរមកជាប្រទេសកម្ពុជាវិញ និងបន្ទាប់ពីបានឆ្លងកាត់របបវាលពិឃាតដ៏គួរឱ្យរន្ធត់ កម្ពុជាពេលនេះ មានការប្រែប្រួលលឿនណាស់ លើការស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ ចាប់តាំងពីរបបខ្មែរក្រហមប៉ុលពតដួលរលំ ការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស ឬអាចនិយាយមួយបែបទៀតថា ការបើកចំហជើងមេឃទៅកាន់ពិភពលោក កាន់តែរីកធំជាលំដាប់។

ជាក់ស្តែង ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ«តេជោ»(ថ្មី) ជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ចាស់) គឺទឡ្ហីករណ៍យ៉ាងប្រត្យក្សដែលបង្ហាញថា ប្រទេសកម្ពុជា កំពុងធ្វើដំណើរនៅលើផ្លូវមួយនៃការពង្រីកអំណាចជើងមេឃរបស់ខ្លួន តាមរយៈការធ្វើពិពិធកម្មសំណង់អាកាសយានដ្ឋានក្នុងប្រទេសឱ្យឈានដល់កម្រិតអន្តរជាតិ ដើម្បីស្រូបទាញអ្នកទេសចរ និងវិនិយោគិនបរទេសបន្ថែម។ ក្នុងចំណោម អាកាសយានដ្ឋានអន្តរជាតិធំៗទាំង៧នៅលើពិភពលោក កម្ពុជាបានលេចវត្តមានអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនមួយ នោះគឺអាកាសយានដ្ឋានអន្តរជាតិ«តេជោ» ដែលត្រូវបានប្រកាសបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយបាននិងកំពុងក្លាយជាច្រកទ្វារថ្មី ផ្សាភ្ជាប់ពិភពលោកឱ្យមកកៀកជិតនឹងប្រទេសកម្ពុជា។ 

វាត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីដ៏ធំទូលាយ ប្រមាណ២៦០០ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីកណ្ដាលរាជធានីរបស់ប្រទេស។ ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ក្នុងមួយឆ្នាំ និងអាចដឹកជញ្ជូនទំនិញឆ្លងកាត់បានប្រមាណ២៦០០០តោនផងដែរ។ វាជាអាកាសយានដ្ឋានលំដាប់ 4F មានកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ ដែលអាចឱ្យយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្ស ដូចជា Airbus A380 និង Boeing 747 ចុះចតបានយ៉ាងងាយស្រួលផងដែរ។

សូមជម្រាបថា Free Versailles បានជ្រើសយកអាកាសយានដ្ឋានអន្តរជាតិចំនួនប្រាំពីរ ដែលមានស្តង់ដាររចនាម៉ូដស្រស់ស្អាត និងមានសំណង់ស្ថាបត្យកម្មទំនើបបំផុត ធ្វើការប្រកួតប្រជែងដើម្បីទទួលពានរង្វាន់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិ«តេជោ» របស់កម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងការជ្រើសរើសនៅឆ្នាំនេះ រួមជាមួយអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀតដូចជា៖ អាកាសយានដ្ឋានអន្តរជាតិ ក្វាងចូវ បៃអែន របស់ប្រទេសចិនទី៣, ស្ថានីយអាកាសយានដ្ឋានហ្វ្រេងហ្វត Frankfurt ទី៣ របស់ប្រទេសអាល្លឺម៉ង់, ស្ថានីយអាកាសយានដ្ឋានអន្តរជាតិណាវីបៃ (Navibai) ទី១ របស់ឥណ្ឌា, អាកាសយានដ្ឋានអន្តរជាតិភីតស្ប៊ើក (Pittsburgh) និងស្ថានីយអាកាសយានដ្ឋានអន្តរជាតិសាន់ទីហ្គោ (San Diego) ទី១ ដែលត្រូវបានជ្រើសរើសនៅសហរដ្ឋអាម៉េរិក។

Free Versailles គឺជាពានរង្វាន់ស្ថាបត្យកម្ម និងរចនាម៉ូដអន្តរជាតិ ដែលវាយតម្លៃយ៉ាងទូលំទូលាយលើការច្នៃប្រឌិត ការឆ្លុះបញ្ចាំងពីវប្បធម៌ក្នុងស្រុក ប្រសិទ្ធភាពអេកូឡូស៊ី ឥទ្ធិពលសង្គម និងវប្បធម៌ ក្នុងចំណោមអគារសហសម័យ មកពីជុំវិញពិភពលោក។ អង្គការយូណេស្កូ តែងប្រកាសលទ្ធផលជារៀងរាល់ឆ្នាំ និងជ្រើសរើសអគារល្អៗលើវិស័យជាច្រើន ដូចជា អាកាសយានដ្ឋាន ស្ថានីយរថភ្លើង សារមន្ទីរ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ។ល។ យ៉ាងណា នៅមានរឿងជាច្រើនទៀត ដែលសារព័ត៌មានអន្តរជាតិរំលេចពីប្រទេសកម្ពុជា នោះគឺ កម្ពុជា មិនត្រឹមតែមានអាកាសយានដ្ឋានកម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទបុរាណខ្មែររាប់ពាន់ វប្បធម៌ ប្រពៃណីដ៏ចំណាស់របស់ប្រទេស ស្ថិតក្នុងភូមិភាគតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាទីវិស្សមកាលដ៏ល្អសម្រាប់ជនជាតិអឺរ៉ុប និងបណ្តាប្រទេសជុំវិញពិភពលោកមកទស្សនា និងលេងកម្សាន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត