លែងពឹងចិន និងរុស្ស៊ី! ពេលនេះ មិត្តខាងកើតកម្ពុជាផលិតរថក្រោះខ្លួនឯង រត់បានទាំងលើគោក និងលើទឹក
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីហាណូយ៖ វៀតណាម បាននិងកំពុងបោះជំហានយ៉ាងលឿនទៅមុខ និងគួរឱ្យភ្ញាក់ផ្អើល ក្នុងការបង្កើតឯករាជ្យភាពលើវិស័យយោធារបស់ខ្លួន ដោយសម្រេចផលិតរថក្រោះធុនស្រាលដោយខ្លួនឯង ប្រភេទ T-1 បំពាក់ដោយប្រព័ន្ធបញ្ចូលគ្រាប់ស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងការបាញ់ទំនើប និង​អាចបើកបានទាំងលើគោក និងលើទឹក។ រថក្រោះនេះ បានក្លាយជាគម្រោងដ៏ធំបំផុតមិនធ្លាប់មាន នៃឧស្សាហកម្មការពារជាតិរបស់ប្រទេសវៀតណាម នៅក្នុងវិស័យផលិតសព្វាវុធពាសដែក...។  

ការអភិវឌ្ឍរថក្រោះធុនស្រាលរត់បានទាំងលើទឹក និងគោករបស់វៀតណាម គឺជាសកម្មភាពមួយ ដែលត្រូវបានគណនាយ៉ាងច្បាស់លាស់ ដើម្បីសម្រេចបាននូវស្វ័យភាពយោធាយុទ្ធសាស្ត្រ ជំនួសរថក្រោះ PT-76 របស់អតីតសហសូវៀត និង Type 63 របស់ប្រទេសចិន។ ក្នុងស្រមោលមហិច្ឆតាងាកចេញពីការពឹងផ្អែកលើរដ្ឋធានីមូស្គូ និងរដ្ឋធានីប៉េកាំង ក្នុងពេលតែមួយ។ ការផលិតរថក្រោះ T-1 ដោយខ្លួនឯងរបស់រោងចក្រ Z125 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការគ្រប់គ្រងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួននៅកម្រិតខ្ពស់ ដោយមិនចង់ពឹងច្រមុះមហាអំណាចដកដង្ហើមឡើយ។

សូមជម្រាបថា រថក្រោះ T-1 ដ៏ថ្មីសន្លាងរបស់វៀតណាម ត្រូវបានបំពាក់ដោយប្រព័ន្ធរុញច្រានដោយកម្លាំងទឹក (ឬ Water-jet) សម្រាប់ការបើកបរលើទឹក និងមានសមត្ថភាពធ្វើដំណើរលើទឹកបានចម្ងាយ១០០គីឡូម៉ែត្រ។ សមត្ថភាពទាំងនេះ អាចអនុញ្ញាតឱ្យវាប្រតិបត្តិការជាក់ស្តែង កាត់តាមវាលស្រែ តំបន់ដីសណ្ដទន្លេ ផ្លូវទឹកតាមឆ្នេរ និងភូមិសាស្ត្រតំបន់ឆ្នេរ ដែលមានជម្លោះនៅសមុទ្ទចិនខាងត្បូង។ អ្វីដែលកាន់តែពិសេសនោះ គឺថា វាត្រូវបានបំពាក់កាណុងទំហំ៧៦មិលីម៉ែត្រ មានប្រព័ន្ធរទប់លំនឹង អាចបាញ់បាននៅពេលកំពុងអណ្ដែតលើទឹក រួមផ្សំជាមួយនឹងការបំពាក់កាំភ្លើងយន្តបន្ថែមទំហំ១២,៧មិលីម៉ែត្រ ពាសដែកការពារ និងប្រព័ន្ធការពារសកម្ម ដែលផ្តល់ឱ្យកងទ័ពជើងគោកវៀតណាម នូវសមត្ថភាពដ៏គួរឱ្យទុកចិត្តក្នុងការទប់ទល់នឹងការវាយលុកតាមផ្លូវទឹក ភក់ល្បាប់ និងការឆ្លងកាត់ទន្លេ។

សូមជម្រាបថា រថក្រោះ T-1 ត្រូវបានបំពាក់នូវតួប៉មរថក្រោះថ្មី ប្រព័ន្ធកំណត់គោលដៅទំនើប ប្រព័ន្ធគ្រប់គ្រងបែបឌីជីថល និងប្រព័ន្ធការពារ ជាពិសេស វាអាចបញ្ចូលគ្រាប់ដោយស្វ័យប្រវត្តិ ដែលអាចជួយកាត់បន្ថយចំនួនយោធា និងបង្កើនល្បឿននៃការបាញ់បានកាន់តែឆាប់រហ័ស។ នៅលើផ្លូវថ្នល់ វាអាចរត់បានរហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យវាក្លាយជារថក្រោះល្បឿនលឿនបំផុតមួយ នៅក្នុងចំណោមហ្វូងរថក្រោះផ្សេងៗទៀត។ គេរំពឹងថា រថក្រោះមួយប្រភេទនេះ នឹងបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងពិរពណ៌ការពារជាតិអន្តរជាតិ Vietnam Defense Expo ២០២៦​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត