
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគោរពបទឈប់បាញ់ ហើយទាមទារឱ្យភាគីថៃចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមានរហូតមកដល់បច្ចុប្បន្ន គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ខាងភាគីកម្ពុជា បានផ្ញើកំណត់ទូតស្នើរៀបចំកិច្ចប្រជុំពិសេសរបស់JBC និងតវ៉ាប្រឆាំងសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃ កំពុងធ្វើសកម្មភាពលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា...។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងសារនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះថា គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា បានផ្ញើកំណត់ទូតចំនួន៩លើកទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់ JBC និងស្នើឱ្យក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង បន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកន្លងមក។ ជាមួយគ្នាកម្ពុជា ក៏បានផ្ញើកំណត់ទូតតវ៉ាចំនួន៣២លើកប្រឆាំងនឹងសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ ក្នុងទឹកដីកម្ពុជា។ ដោយឡែក បើគិតចាប់ពីបទឈប់បាញ់លើកទី១ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្នចំនួនកំណត់ទូតតវ៉ារបស់ភាគីកម្ពុជា ទាក់ទងនឹងការរំលោភបំពានពីភាគីថៃ បានកើនដល់សរុប៤២លើក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ការតវ៉ាជាផ្លូវការនេះ មានសារសំខាន់ចាំបាច់ ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់ខ្លួន។ លោក ប៉ែន បូណា គូសរំលេចថា៖«លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែល[..]កម្ពុជា តែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃ បានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់»។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូត ក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងជាក់ស្តែង ដែលខ្លួនកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។

កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគីរបស់ភាគីថៃនោះឡើយ។ ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលកម្ពុជា អះអាងពីជំហរឥតប្រែប្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍ (Uti Possidetis Juris) អនុសញ្ញា និងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងផែនទី និងឯកសារប្រវត្តិសាស្ត្រដែលភាគីទាំងពីរបានទទួលស្គាល់កន្លងមក៕



