អាហារ​៤មុខនេះ អាចជួយ​រាងកាយបំប្លែងអាហារ ឱ្យទៅជា​ថាមពល​បាន​យ៉ាងឆាប់រហ័ស
S
Sreyleak Yith
7 ម៉ោងមុន

សុខភាព៖ ការ​ធ្វើ​មេតាបូលីស ​សំដៅ​លើ​ដំណើរការ​ដែល​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល ​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំ​ថ្ងៃ។ នៅ​ពេល​​ការ​ធ្វើ​មេតាបូលីស​យឺត​ជាង​ធម្មតា​​អាច​ធ្វើឱ្យឡើង​ទម្ងន់ និង​មាន​ខ្លាញ់​ច្រើន។ កត្តា​ដែល​កំណត់​ល្បឿន​នៃ​ការ​ធ្វើ​មេតាបូលីស​រួមមាន៖ ទំហំ​រាងកាយ ភេទ និងកត្តា​អាយុ។ ​ការ​ធ្វើ​មេតាបូលីស ​គឺ​មិន​មាន​ការ​ប្រែប្រួល​ទេ តែ​​អាច​ពន្លឿន​​បាន​តាម​រយៈ​អាហារ។ ការ​ធ្វើ​មេតាបូលីស​លឿន ​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​បន្ថែម​ថាមពល មិន​ងាយ​អស់​កម្លាំង ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មិន​ងាយ​ឡើង​ទម្ងន់​ទៀត។

អាហារទាំង៤នេះ​ ​​​អាច​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ មានដូចជា៖ ១.គ្រាប់​ផ្លែឈើ (Nuts)៖ គ្រាប់​ផ្លែឈើ​​ ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​អ្នក​ទទួលទានគ្រាប់​ផ្លែឈើ​ជា​ប្រចាំ ​តែង​មាន​ហានិភ័យ​ទាប​នៃ​ភាព​ស៊ាំ​អាំងស៊ុយលីន និង​មាន​ទំហំ​ចង្កេះ​តូច​ជាង​អ្នក​ដែល​មិន​បានបរិភោគ។ នៅ​ពេល​ដែលស៊ាំ​អាំងស៊ុយលីន រាងកាយ​​នឹង​មិន​ស្តុក​ជាតិ​ខ្លាញ់​ច្រើន ឬ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។

គ្រាប់​ផ្លែឈើ 
គ្រាប់​ផ្លែឈើ 

២.ជាតិ​កាហ្វេអ៊ីន៖ ជាតិ​កាហ្វេអ៊ីន​អាច​ជួយ​ដាស់​ស្មារតី​ និង​ជំរុញ​ដល់​ការ​ធ្វើ​មេតាបូលីស​បាន​ ដោយសារ​ជាតិ​កាហ្វេអ៊ីន ​អាចទប់ស្កាត់​តំណ​ភ្ជាប់​ប្រព័ន្ធសរសៃ​ប្រសាទ​ឈ្មោះ Adenosine ​ជំរុញ​ឱ្យ​បញ្ចេញ​អ័រម៉ូន dopamine និង​អ័រម៉ូន norepinephrine។ អ័រម៉ូន​ទាំង​នេះ ​ជួយ​ដាស់​ស្មារតី និង​អាច​ធ្វើឱ្យ​ការហាត់ប្រាណ​បាន​យូរ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ​ជាតិ​កាហ្វេអ៊ីន ​​ជួយ​ការ​ដុត​ខ្លាញ់​លឿន​ជាង​មុន និងអាច​បង្កើន​អត្រា​ការ​ធ្វើ​មេតាបូលីស​ប្រហែល ៣-១១ភាគរយ តាម​កម្រិត​ដែល​លោកអ្នកទទួលទាន។

៣.សាច់​អត់​ខ្លាញ់៖ ពេល​រំលាយ​ប្រូតេអ៊ីន​រាងកាយ​ធ្វើ​ការ​ខ្លាំង​ជាង​ពេល​រំលាយ​កាបូអ៊ីដ្រាត ឬ​ខ្លាញ់ ដូច្នេះ បានជាអ្នកជំនាញណែនាំឱ្យបរិភោគសាច់​អត់​ខ្លាញ់​ដូចជា​ សាច់​មាន់ និង​សាច់​ត្រី ជាដើម​។ ដំណើរការ​រំលាយ​អាហារ​ គឺ​ត្រូវការ​ថាមពល​ច្រើន ហើយ​រាងកាយ​ដុត​កាឡូរី​ ដើម្បី​បំបែក​អាហារ​ទាំង​នោះ។ ការ​សិក្សា​ជា​ច្រើន​ ក៏​បាន​បង្ហាញ​ថា ​ប្រូតេអ៊ីន​អាច​បង្កើន​ការ​ដុត​កាឡូរី​ក្រោយ​អាហារ​បាន​រហូត​ដល់៣៥ភាគរយ។ មួយវិញទៀត រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ ដើម្បី​បង្កើន​សាច់ដុំ ហើយ​ពេល​មាន​សាច់ដុំ​កាន់តែ​ច្រើន ការ​ធ្វើ​មេតាបូលីស​ក៏កាន់តែ​លឿន។

៤.ពពួក​សណ្ដែក (Legumes)៖ គ្រាប់​សណ្ដែក ​គឺជា​ប្រភព​ប្រូតេអ៊ីន និងជាតិ​សរសៃ​។ រាងកាយ​​ប្រើ​ថាមពល​ច្រើន​នៅ​ពេល​បំបែក​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ កត្តា​នេះ​អាច​រក្សា​ការ​ធ្វើ​មេតាបូលីស​ឱ្យ​មាន​ដំណើរការ​ល្អ។ ជាតិ​សរសៃ​ខ្ពស់​ក្នុង​សណ្ដែក ​ក៏​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​ និង​បង្ការ​ការ​ឃ្លាន​របស់​ផ្អែម​នៅ​ពេល​រសៀល។លើសពីនេះ ពពួក​សណ្ដែក​ក៏​ផ្តល់​ជាតិ​ដែក ស័ង្កសី និង​សេលេន្យូម ​ដែល​សុទ្ធ​តែ​ជា​ជាតិ​រ៉ែ​ក្រពេញ​ទីរ៉ូអ៊ីត ​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​ឱ្យ​បាន​គ្រប់គ្រាន់។ បើ​គ្មាន​ជាតិ​រ៉ែ​ទាំង​នេះ ការ​ធ្វើ​មេតាបូលីស​​អាច​យឺត ឬ​ចុះ​ខ្សោយ៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត