
រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល២សប្ដាហ៍ដើមខែមិថុនា ឆ្នាំ២០២៦ ជនបរទេសរាប់ពាន់នាក់ ត្រូវបានអាជ្ញាធរកម្ពុជាក្រសោបជាប់ ក្រោយរកឃើញថា ពួកគេលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ខណៈដែលម្ចាស់ទីតាំងទៀតសោត ត្រូវពិន័យជាទឹកប្រាក់រាប់រយលានរៀល...។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់យ៉ាងដូច្នេះថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តឃាត់ខ្លួនមនុស្សចំនួន១៣៣២នាក់ ស្មើនឹង១៦សញ្ជាតិ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ(Online Scams) ជនទាំងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៨៧នាក់ និងកំពុងបន្តនីតិវិធី១១១២នាក់។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ចចម្រុះក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងបង្ក្រាបក្រុមមួយដែលមានតួនាទីក្នុងការតាមដានសកម្មភាពរបស់សមត្ថកិច្ច ប្រមូលយកព័ត៌មាន និងរូបភាព រាយការណ៍ទៅមេក្លោងដែលជាឧក្រិដ្ឋជន ដើម្បីរៀបចំវិធានការទប់ទល់នឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចបានថែមទៀតផង។

យ៉ាងណា លោក ទូច សុឃៈ បន្ថែមថា ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានបើកប្រតិបត្តិការឃាត់ខ្លួនមេក្លោង និងបក្ខពួកសរុប១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោង និងបក្ខពួក ដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត។ ក្រៅពីនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បានបន្តផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ជាទឹកប្រាក់សរុប១៩៧ ៨៤០ ០០០រៀល (ជាង១៩៧លានរៀល)ផងដែរ៕




