រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារ២ឆ្នាំបន្ថែមទៀត ដល់ក្រុមហ៊ុនវិនិយោគស៊ីម៉ងត៍ក្នុងស្រុក
S
Sreyleak Yith
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នៅថ្ងៃទី២៣មិថុនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលធ្លាប់បានផ្ដល់ជូនជាច្រើនឆ្នាំមកហើយ ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ​រយៈពេល២ឆ្នាំទៀត…។

សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា​ គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ រាជរដ្ឋាភិបាល នឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ត្រូវបន្តពិនិត្យ ក៏ដូចជាពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែរឹងមាំបន្ថែមទៀត

ជាមួយគ្នា ប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីថា បច្ចុប្បន្ន ក្រុមហ៊ុនជាសមាជិកសមាគម​​ បាន​និងកំពុងបោះទុនវិនិយោគសរុបប្រមាណ,២ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ១២លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក ចំនួន២១១៩នាក់។ ក្នុងនោះ សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុក បានចំនួនសរុបពី៨ទៅ៩លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ៨៥ភាគរយ នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ទាំងអស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត