ចិនប្រាប់ទៅថៃម៉ាត់ៗ ឱ្យឈប់ប្រើពាក្យ«ចិនប្រផេះ»
Mao Sopha
7 ម៉ោងមុន

រាជធានីបាងកក៖ ឯកអគ្គរដ្ឋទូតចិន លោក​ ចាង ជៀនវ៉ី (Zhang Jianwei) ស្នើឱ្យប្រទេសថៃទាំងមូល ពិសេសរាជរដ្ឋាភិបាល និងសមត្ថកិច្ច ឈប់ហៅជារួម ក្តោបទៅលើជនជាតិចិនទាំងអស់ថាជា«ចិនពណ៌ប្រផេះ»។ រាជរដ្ឋាភិបាល​ និងអាជ្ញាធរថៃ ហៅចិនប្រផេះ ឬចិនពណ៌ប្រផេះ សំដៅលើជនជាតិចិនដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសណាមួយនៅក្នុងប្រទេសថៃ ដូចជា ឆបោកអនឡាញ លាងលុយកខ្វក់ ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងជំនួញទុច្ចរិត ជាដើម។   

ជនជាតិចិននៅព្រលានយន្តហោះប្រទេសថៃ
ជនជាតិចិននៅព្រលានយន្តហោះប្រទេសថៃ

លោក ចាង លើកឡើងថា ការប្រើពាក្យចិនប្រផេះបែបនេះ គឺអយុត្តិធម៌ ព្រោះជាពាក្យដែលសំដៅលើជនជាតិចិនជារួម។ លោកទទួលស្គាល់ថា ជនជាតិចិនមួយចំនួនពិតជាបានប្រព្រឹត្តបទល្មើស តែជនជាតិចិនភាគច្រើនផ្សេងទៀត ដែលមានវត្តមានលើទឹកដីថៃ បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចថៃ។ 

លោក ចាង 
លោក ចាង 

លោកឯកអគ្គរដ្ឋទូត បញ្ចេញប្រតិកម្មថា បើជនជាតិចិនរូបណា ធ្វើខុសច្បាប់ គួរតែដាក់ទោស ឬចាត់វិធានការឱ្យចំបុគ្គលរូបនោះតែម្ដង តែមិនគួរប្រើពាក្យចិនប្រផេះនេះទាល់តែសោះ។ លោកបន្តថា បើនៅប្រើពាក្យចិនប្រផេះទៀត ជនជាតិចិន នឹងគិតថា ជនជាតិថៃ មិនចេះសមគួរ ចំពោះជនជាតិចិន។      

លោក Surasak
លោក Surasak

សម្តីទាំងប៉ុន្មាននេះ ត្រូវឯកអគ្គរដ្ឋទូតចិនលើកឡើងនៅចំពោះមុខលោក សុរសក្តិ ព័ន្ធចម្រើនគុល (สุรศักดิ์ พันธ์เจริญวรกุล) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ ហើយត្រូវលោករដ្ឋមន្រ្តីរូបនេះ លើកយកទៅប្រាប់បន្តដល់ក្រុមអ្នកកាសែត មុនលោកចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ 

ប៉ូលិសថៃ ចាប់ជនល្មើសចិន និងភូមាពាក់ព័ន្ធក្នុងអំពើឆបោកអនឡាញ។ 
ប៉ូលិសថៃ ចាប់ជនល្មើសចិន និងភូមាពាក់ព័ន្ធក្នុងអំពើឆបោកអនឡាញ។ 

បើតាមការចុះផ្សាយរបស់កាសែតខាវសត រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា ក៏ទទួលស្គាល់ដែរថា ជនជាតិចិនមួយចំនួន ធ្វើខុសច្បាប់ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានជនជាតិចិនត្រឹមត្រូវជាច្រើន បានធ្វើដំណើរកម្សាន្ត និងចាយលុយលើទឹកដីថៃ។ លោក ផ្ញើសារព្រមានថា សមត្ថកិច្ច នៅតែបន្តអនុវត្តច្បាប់លើអ្នកប្រព្រឹត្តបទល្មើស ដោយមិនបែងចែកជាតិសាសន៍ឡើយ។ ចុះចំពោះសំណើឱ្យឈប់ប្រើពាក្យចិនប្រផេះ? គេមិនដឹងថា រដ្ឋមន្រ្តីទេសចរណ៍ថៃ ឆ្លើយតបយ៉ាងណានោះទេ ខណៈកាសែតខាវសត ក៏មិនបានសរសេរត្រង់កន្លែងនេះដែរ៕  

ជនជាតិចិន
ជនជាតិចិន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត