កាត់សក់មិនសូវកាកកប យុវជន២នាក់បបួលគ្នាឆក់កាបូបជនជាតិចិន ត្រូវសមត្ថកិច្ចក្របួចជាប់ម្នាក់
ហាក់ អ៊ីឌី
3 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋតាមដងផ្លូវ នៅចំណុចមុខសណ្ឋាគារស៊ីធី ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។ 

យោងតាមរបាយការណ៍ពីមន្រ្តីជំនាញ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះថា ដំបូងឡើយ គេឃើញមានជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ការបូបពីបុរសជនជាតិចិន បណ្ដាលឱ្យដួលរងរបួសមុខ រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ភ្លាមៗក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញអន្តរាគមន៍ តាមក្របួចបានជនសង្ស័យម្នាក់មកវិញ ព្រមទាំងប្រគល់កាបូបឱ្យជនរងគ្រោះវិញផងដែរ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សួន សុធា អាយុទើបតែ១៥ឆ្នាំ បានសារភាពថា រូបគេជាជាងកាត់សក់ប៉ុន្តែមិនសូវមានភ្ញៀវ ទើបសម្រេចចិត្តបបួលគ្នាធ្វើសកម្មភាពឆក់កាបូបជាមួយមិត្តភក្តិឈ្មោះ លី ចយ (កំពុងគេចខ្លួន)។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់ រីឯបក្ខពួកអាជ្ញាធរបាននិងកំពុងតាមស្វែងរកចាប់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត