
ក្រុងតាខ្មៅ៖ បារីក្លែងក្លាយជាច្រើនម៉ាក ត្រូវអាជ្ញាធររឹបអូសបានពីទីតាំងសិប្បកម្មចំនួន២ ស្ថិតក្នុងសង្កាត់សិត្បូ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦...។

សកម្មភាពនៃការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បើកការឆ្មក់ចូលបង្ក្រាបទីតាំងសិប្បកម្ម២កន្លែង ក្រោយសង្ស័យថា បានលបលួចផលិតបារីក្លែងក្លាយជាច្រើនម៉ាក ដើម្បីចែកចាយលើទីផ្សារ។ ជាលទ្ធផល ក្រុមការងារជំនាញរកឃើញថា បារីក្លែងក្លាយម៉ាកល្បីៗជាច្រើនដូចជា Marlboro, Winston, Gold Mount, JPS Classic, Tobacco Gauses, Canyon និងម៉ាកផ្សេងៗជាច្រើនទៀត ត្រូវបានអាជ្ញាធររកឃើញនៅទីតាំងទាំងពីរនេះ។

ក្រៅពីការរឹបអូសវត្ថុតាង កម្លាំងសមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ រួមមាន៖ មេការ និងកម្មករបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។ រីឯទីតាំងទាំង២ខាងលើ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចបិទជាបណ្ដោះអាសន្នផងដែរ៕







