
ទីក្រុងហ្សឺណែវ៖ ក្នុងកិច្ចប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់ប្រទេសនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្ស ចំពោះពលករធ្វើការក្នុងប្រទេសរបស់ខ្លួនដូចជា ទប់ស្កាត់ការរើសអើង អំពើហិង្សា និងការរំលោភបំពាន...។

លោកឯកអគ្គរាជទូត គូសបញ្ជាក់ថា ពលករទេសន្តរប្រវេសន៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើង ដោយផ្អែកលើសញ្ជាតិរបស់ពួកគេទេ។ លើសពីនេះ ក៏មិនត្រូវក្លាយជាជនរងគ្រោះ នៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋដែរ ដោយគួរតែការពារពលករទាំងនោះឱ្យស្របតាមកាតព្វកិច្ចរបស់ប្រទេសខ្លួន និងអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស។

ការគាំទ្រនេះ លោកឯកអគ្គរាជទូត សង្កត់ធ្ងន់ថា ជាក់ស្តែងក្នុងបរិបទនៃភាពតានតឹងកាលពីពេលថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសន៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម រើសអើង និងអំពើហិង្សា។ គួរជ្រាបថា ពលករទេសន្តរប្រវេសន៍ សំដៅលើបុគ្គលដែលបំពេញការងារ ឬកំពុងបំពេញការងាររកប្រាក់កម្រៃក្នុងប្រទេសមួយ ដែលបុគ្គលនោះមិនមែនជាសញ្ជាតិ របស់ប្រទេសដើម ដោយរាប់បញ្ចូលទាំងពលករមានឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់៕



