គ្រាប់បែក MK-៨៤ ទម្ងន់ជិត១តោន ទម្លាក់ដោយយោធាថៃឈ្លានពាន ត្រូវបានមន្រ្តីស៊ីម៉ាក់ដោះបន្សាប
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ មន្រ្តីជំនាញស៊ីម៉ាក់ គាស់បាន និងបន្សាបគ្រាប់បែកចង្កោមប្រភេទ MK-៨៤ ទម្ងន់ជិត១តោន ដែលយោធាថៃឈ្លានពានទម្លាក់ពីយន្តហោះចម្បាំង ក្នុងកំលុងសង្គ្រាមឆ្នាំ២០២៥កន្លងទៅ ពេលនេះ យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយនេះ លែងក្លាយជាឃាតកលាក់មុខទៀតហើយ នេះបើតាមការបញ្ជាក់ពី លោក​​ ហេង រតនា ​អគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី២៣មិថុនា…។

លោកអគ្គនាយកស៊ីម៉ាក់ គូសបញ្ជាក់យ៉ាងដូច្នេះថា៖«នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-៨៤ ទម្ងន់[ជិត១តោន]។ ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-១៦ ក្នុងសង្គ្រាមសៀមឈ្លានពាន​ ដែលត្រូវបានប្រតិបត្តិការ ដោះបន្សាបទុកជាភស្តុតាងនៃមរតកប្រវត្តិសាស្ត្រសង្គ្រាមឈ្លានពាន[..]។ លោកអគ្គនាយកបន្ថែមថា គ្រាប់ MK-៨៤ នេះ ផលិតទ្បើងនៅក្នុងខែសីហា ​ ឆ្នាំ១៩៩៦​ ដោយឧស្សាហកម្មយោធាអុីស្រាអ៊ែល​។ តែយ៉ាងណា លោកបញ្ជាក់ថា ​គ្រាប់បែកនេះ គឺបានបន្សាបជាតិផ្ទុះអស់ហើយ ក៏ដូចជាបានកែលម្អកន្ទុយគ្រាប់បំពេញវិញ​ផងដែរ។

លោក ​​ហេង រតនា អគ្គនាយកស៊ីម៉ាក់  
លោក ​​ហេង រតនា អគ្គនាយកស៊ីម៉ាក់  

អង្គភាពស៊ីម៉ាក់ អំពាវនាវដល់ប្រជាពលរដ្ឋនៅពេលប្រទះឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចម្លែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍បន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីនគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ដែលនៅក្បែរៗនោះ។ គួរជ្រាបថា ក្រោយយោធាថៃឈ្លានបើកការបាញ់ប្រហារ ទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ភូមិឋានប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនក្នុងខេត្តចំនួន៥ ដែលធ្លាប់តែមានសុខសុវត្ថិភាព បែរប្រែក្លាយជាតំបន់មានហានិភ័យ លែងមានសុវត្ថិភាព ដោយសារសំណល់អាវុធសង្គ្រាម ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ត្រឹមថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត