
រដ្ឋមីសស៊ូរី៖ នៅក្នុងពិភពបាល់ទាត់ បុរសវ័យ៣៩ឆ្នាំ ជាពេលវេលាដែលកីឡាករភាគច្រើនអង្គុយនៅកៅអីកិត្តិយស ទស្សនាការប្រកួត ឬចូលនិវត្តន៍ទៅហើយ។ ប៉ុន្តែសម្រាប់កីឡាករ លីអូណែល មេសស៊ី (Lionel Messi) អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ កីឡាករសញ្ញាតិអាហ្សង់ទីនរូបនេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ដែលមានចំនួនរហូតដល់ទៅ១៨គ្រាប់ហើយ គិតមកទល់ពេលនេះ។ យ៉ាងណា តំណែងនេះ ក៏កំពុងរងការគំរាមកំហែងដោយកីឡាករ គីលៀន អឹមបាប៉េ របស់ក្រុមមាន់គកបារាំងផងដែរ...។

កាលពីយប់ថ្ងៃចន្ទទី២២មិថុនា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ លីអូណែល មេសស៊ី បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងអាជីពបាល់ទាត់ ដោយបានស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯង យកឈ្នះលើក្រុមជម្រើសជាតិអូទ្រីសក្នុងលទ្ធផល ២-០ ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ World Cup ដោយមានចំនួន១៨គ្រាប់។ សមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យកីឡាករ លីអូណែល មេសស៊ី បំបែកកំណត់ត្រារបស់កីឡាការិនីប្រេស៊ីល ម៉ាតា ដែលរកបាន១៧គ្រាប់ និងវីរបុរសបាល់ទាត់អាល្លឺម៉ង់ កីឡាករ មីរ៉ូស្លាវ ខ្លូសេ (Miroslav Klose) រកបាន១៦គ្រាប់។ សូមជម្រាបថា មេសស៊ី បានចូលរួមការប្រកួតពានរង្វាន់ World Cup ចំនួន៦ជំនាន់ និងលេងបាន២៨ប្រកួត ដែលជាកំណត់ត្រាខ្ពស់បំផុត។

កីឡាករ មេសស៊ី មានគ្រាប់បាល់សរុបក្នុងអាជីពកើនលើសពី៩០០គ្រាប់ និងគ្រាប់បាល់ជម្រើសជាតិមានចំនួន១២២គ្រាប់។ នៅពេលសួរអំពីលទ្ធភាពនៃការលេងដល់ World Cup ឆ្នាំ២០៣០ ក្នុងវ័យ៤៣ឆ្នាំ កីឡាករ មេសស៊ី បានបន្សល់ទុកចម្លើយយ៉ាងខ្លីថា៖«ដរាបណាខ្ញុំ នៅតែអាចលេងបាន ហើយខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងនៅលេងបន្តទៀត»។ ទោះយ៉ាងណា តំណែងក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងពានរង្វាន់ World Cup ក៏ស្ថិតក្នុងការគំរាមកំហែងផងដែរ ព្រោះ កីឡាករវ័យក្មេងជម្រើសជាតិបារាំង គីលៀន អឹមបាប៉េ (Kylian Mbappé) ស៊ុតបញ្ចូលទីបាន ១៦គ្រាប់ហើយ គិតត្រឹមការប្រកួតជម្រុះតាមពូលជុំទី២នេះ ហើយរូបគេក៏នៅមានឱកាសច្រើនទៀត បើធៀបនឹងកីឡាករ លីអូណែល មេសស៊ី ដែលមានវ័យជ្រេ។

សរុបសេចក្តីមក កំណត់ត្រារបស់កីឡាករ មេសស៊ី នៅតែស្ថិតក្នុងភាពហានិភ័យខ្ពស់នៅឡើយទេ ក្នុងការរក្សាកំណត់ត្រាក្នុងបញ្ជី FIFA World Cup។ សូមបញ្ជាក់ថា គិតត្រឹមការចុះផ្សាយនេះ ៦ក្រុមដំបូងគេ ដែលបានកក់កៅអីឡើងទៅវគ្គ៣២ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ប្រកួត World Cup 2026 រួមមាន៖ ម៉ិកស៊ិក, សហរដ្ឋអាម៉េរិក, អាល្លឺម៉ង់, អាហ្សង់ទីន, បារាំង, និងន័រវែស៕



