សាមូរ៉ៃជប៉ុន និងឥន្ទ្រីដែកអាល្លឺម៉ង់ នឹងជួបគ្នាជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយ
Serichopon Ye
23 វិច្ឆិកា 2022 03:15 PM

(បាល់ទាត់) ក្រុមសាមូរ៉ៃជប៉ុន នឹងបើកកីទ្បដ្ឋាន Khalifa ក្នុងទីក្រុង Ar-Rayyan ប្រទេសកាតា ដើម្បីទទួលទទួលស្វាមគន៍ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 សម្រាប់វគ្គជម្រុះក្នុងពូល E នាវេលាម៉ោង ៨:០០ យប់នេះ។ ក្រុមជម្រើសជាតិជប៉ុន ធ្លាប់បរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់កាលពីឆ្នាំ ២០០៤ និង ស្មើគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិនាឆ្នាំ ២០០៦ ។

ក្រុមសាមូរ៉ៃជប៉ុន បានបង្ហាញខ្លួនចំនួន ៦ លើកសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ចាប់តាំងពីឆ្នាំ ១៩៩៨ ដែលកាលនោះក្រុមជម្រើសជាតិជប៉ុនបានត្រឹមធ្លាក់ចេញពីវគ្គចែកពូលប៉ុណ្ណោះ។ ក្រុមជម្រើសជាតិជប៉ុន ធ្លាប់ទ្បើងទៅវគ្គ ១៦ ចុងក្រោយចំនួន ៣ លើកពោលគឺឆ្នាំ ២០០២, ២០១០ និង ២០១៨ ។  ៣ ប្រកួតចុងក្រោយ ក្រុមជម្រើសជាតិជប៉ុនធ្វើមិនសូវបានល្អនោះទ្បើយក្រោមការដឹកនាំរបស់លោក Hajime Moriyasu ដោយប្រកួតស្មើ ១, ចាញ់ ១ និងឈ្នះ ១ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

ដោយទ្បែក ម្ចាស់ជើងឯក World Cup ចំនួន ៤ សម័យកាលក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ធ្លាប់បានបង្ហាញខ្លួនចំនួន ២០ លើក សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ១៩៣៤ និងធ្លាប់ទ្បើងមកវគ្គផ្តាច់ព្រ័ត្រចំនួន ៨ លើកផងដែលពោលគឺឆ្នាំ ១៩៥៤, ១៩៦៦, ១៩៧៤, ១៩៨២, ១៩៨៦, ១៩៩០, ២០០២ និង ២០១៤។ ហើយបានគ្រងជើងឯក World Cup ចំនួន ៤ លើកពីឆ្នាំ ១៩៥៤, ១៩៧៤, ១៩៩០ និងចុងក្រោយបង្អស់នាឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល ។ សម្រាប់ក្រុមរបស់លោក Hans-Dieter Flick ៦ ប្រកួតចុងក្រោយនៃពានរង្វាន់ UEFA Nations League ស្មើ ៤, ចាញ់ ១ និងឈ្នះ ១ ប៉ុណ្ណោះ។  ក្រុមជម្រើសជាតិជប៉ុន និងអាល្លឺម៉ង់ ធ្លាប់ប៉ះគ្នាចំនួន ២ លើករួចមកហើយពោលគឺក្នុងឆ្នាំ ២០០៤ ជប៉ុនបានចាញ់អាល្លឺម៉ង់ ៣-០ និង ២០០៦ បានត្រឹមស្មើគ្នា ២-២ នៅក្នុងជំនួបការប្រកួតមិត្តភាពអន្តរជាតិ។

គួរបញ្ជាក់ថាក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប៉ះគ្នាជាមួយនឹងអាល្លឺម៉ង់ នៅក្នុងការប្រកួតបើកឆាករបស់ខ្លួននៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 សម្រាប់វគ្គជម្រុះក្នុងពូល E នាវេលាម៉ោង ៨:០០ យប់និង ១ គូរទៀត ក្រុមជម្រើសជាតិអេស្ប៉ាញ និងកូស្តារីកា នៅម៉ោង ១១:០០ យប់នេះផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត