Hansi Flick បន្តដឹកនាំក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បើ​ទោះ​ជា​ធ្លាក់​ចេញ​ពី​ World Cup 2022 ត្រឹមវគ្គ​ចែក​ពូល
Serichopon Ye
08 ធ្នូ 2022 04:15 PM

(បាល់ទាត់) សហព័ន្ធបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់ (DFB) បានប្រកាសពីអនាគតរបស់លោក Hansi Flick ថា លោកនឹងបន្តកាន់តំណែងជាគ្រូបង្វឹកក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បើទោះបីជាធ្លាក់ចេញពីវគ្គចែកពូល E នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ក៏ដោយ។ 

នៅក្នុងការប្រកួតវគ្គចែកពូល E កន្លងទៅសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ហាក់បីជាធ្វើមិនសូវបានល្អទ្បើយដោយប្រកួតបើកឆាកចាញ់ក្រុមជម្រើសជាតិជប៉ុន ២-១, ប្រកួតទី២ស្មើគ្នា ១-១ ជាមួយអេស្ប៉ាញ និងប្រកួតចុងក្រោយឈ្នះកូស្តារីកា ៤-២ ផងដែរ។ លទ្ធផលបែបនេះធ្វើឱ្យក្រុមរបស់លោក Hansi Flick បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងធ្លាក់ចេញពីវគ្គចែកពូល បន្ទាប់ពីក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះអេស្ប៉ាញ ២-១។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់នៅវគ្គចែកពូល ២ លើកជាប់ៗគ្នា ពោលគឺលើកទី ១ ឆ្នាំ ២០១៨ និងចុងក្រោយនាឆ្នាំ ២០២២ នេះ។

យ៉ាងណាមិញ សហព័ន្ធបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់ (DFB) បានអះអាងថា លោក Hansi Flick នឹង​បន្ត​ធ្វើ​ជា​គ្រូបង្វឹករបស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ដដែល បើទោះបីជាដឹកនាំក្រុមឥន្ទ្រីដែកអាល្លឺម៉ង់មិនទាន់ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ក៏ដោយ។

កាលពីដើមសប្តាហ៍នេះ សហព័ន្ធបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់ (DFB) បានបញ្ចប់កិច្ចសន្យារបស់នាយកបច្ចេកទេស លោក Oliver Bierhoff ចេញពីតំណែងផងដែរ។ ប៉ុន្តែ សហព័ន្ធបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់ (DFB) នៅតែមានសេចក្តីទុកចិត្តលើលោក Hansi Flick ដើម្បីបន្តដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ការប្រកួតពានរង្វាន់ UEFA EURO 2024 ដែលខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា កិច្ចសន្យារបស់លោក Hansi Flick នឹងផុតកំណត់ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីការប្រកួត EURO 2024 បញ្ចប់៕

ប្រភព៖ BBC

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត