
រដ្ឋធានីហ្សាការតា៖ គ្រោះរញ្ជួយដីកម្រិតខ្លាំង៦,៧រ៉ិចទ័រ បានអង្រួនកោះស៊ូឡាវេស៊ី (Sulawesi) ភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៦មិថុនានេះ បណ្ដាលឱ្យមានការខូចខាតរចនាសម្ព័ន្ធអគារ និងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ាលូ (Palu) ដែលជាទីក្រុងធ្លាប់រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសាររលកយក្សស៊ូណាមិកាលពី៨ឆ្នាំមុន។

យោងតាមការបញ្ជាក់ពីទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាម៉េរិក ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយ៤៣គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃក្រុងប៉ាលូ និងមានជម្រៅប្រហែល១០គីឡូម៉ែត្រទៅក្នុងដី។ ការរញ្ជួយយ៉ាងខ្លាំងក្លានេះ បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ៤សែននាក់នៅក្នុងក្រុងប៉ាលូ រត់ភៀសខ្លួនចេញមកក្រៅអគារ និងទីវាលស្រឡះដើម្បីសុវត្ថិភាព ខណៈមន្ទីរពេទ្យមួយចំនួនបានជម្លៀសអ្នកជំងឺ ទាំងដែលកំពុងព្យួរសេរ៉ូមមកកាន់ទីធ្លាខាងក្រៅ។ រូបភាពពីតំបន់កើតហេតុបានបង្ហាញពីការខូចខាតផ្ទះសម្បែង ដំបូលអគារដួលរលំ ជញ្ជាំងប្រេះបែកបាក់ និងកម្ទេចកម្ទីអគាររាយប៉ាយពេញផ្លូវ ប៉ុន្តែរហូតមកទល់ពេលនេះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ កំពុងបន្តប្រមូលទិន្នន័យលម្អិតជុំវិញទំហំនៃការខូចខាត និងចំនួនជនរងគ្រោះ។

ទោះបីជាទីភ្នាក់ងារឧតុនិយម និងរូបវិទ្យាតារាសាស្ត្រឥណ្ឌូណេស៊ី បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមិនបង្កជាហានិភ័យនៃរលកយក្សស៊ូណាមិឡើយក្ដី ប៉ុន្តែប្រជាពលរដ្ឋជាច្រើនបាននាំគ្នារក្សាទីតាំងនៅឆ្ងាយពីតំបន់ឆ្នេរដើម្បីបង្ការទុកជាមុន ដោយសារពួកគេនៅមានវិបត្តិផ្លូវចិត្តមិនទាន់ភ្លេចគ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រ កាលពីឆ្នាំ២០១៨ ដែលបានបង្កជាស៊ូណាមិ និងបាតុភូតដីភក់លេបត្របាក់ផ្ទះសម្បែង សម្លាប់មនុស្សជាង ៤ពាន់នាក់៕






