
រាជធានីឡុងដ៍៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គៀរ ស្តាមើរ (Keir Starmer) បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤ និងកាន់អំណាចមិនដល់២ឆ្នាំស្រួលបួលឡើយ។ ការសម្រេចចិត្តឈានជើងដើរចេញពីកៅអីនាយករដ្ឋមន្រ្តីនេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីសំណាក់សមាជិកសភា និងរដ្ឋមន្ត្រីនៅក្នុងគណបក្សពលករ (Labour Party) របស់លោក។

ថ្លែងនៅខាងក្រៅវិមាន Downing Street លោក ស្តាមើរ បានលើកឡើងថា លោកនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ្នកបន្តវេនពីលោក ហើយនឹងធ្វើគ្រប់សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវការផ្ទេរអំណាចមួយប្រកបដោយសណ្តាប់ធ្នាប់។ ការចាកចេញពីតំណែងរបស់លោកនៅក្នុងឆ្នាំនេះ មានន័យថា ចក្រភពអង់គ្លេស នឹងត្រូវមាននាយករដ្ឋមន្ត្រីទី៧ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ សម្ពាធនយោបាយបានរុញច្រានលោក ស្តាមើរ ត្រូវដើរចេញពីតំណែង ដោយសារតែគណបក្សពលករបាត់បង់អាសនៈយ៉ាងច្រើននៅទូទាំងប្រទេស កាលពីខែឧសភាកន្លងទៅ ដែលស្តែងឱ្យឃើញពីការមិនពេញចិត្តរបស់សាធារណជន។ ក្រៅពីនេះ លោកបានរងការរិះគន់យ៉ាងគំហុក ចំពោះការកាត់បន្ថយប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈសម្រាប់រដូវរងា និងសុខុមាលភាពប្រជាជន ព្រមទាំងការតែងតាំងឯកអគ្គរាជទូតប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដោយមិនឆ្លងកាត់ការពិនិត្យសន្តិសុខត្រឹមត្រូវ។

ហេតុផលចម្បងមួយទៀត គឺដោយសារតែសមាជិកសភាបក្សពលករមានការបារម្ភខ្លាចចំពោះការកើនឡើងប្រជាប្រិយភាពនៃគណបក្សកំណែទម្រង់ចក្រភពអង់គ្លេស (Reform UK) របស់លោក ណៃជែល ហ្វារ៉ែក (Nigel Farage) មុនការបោះឆ្នោតសកលអាណត្តិក្រោយ។ អ្នកដែលមានឱកាសខ្ពស់ជាងគេក្នុងការឡើងទៅដឹកនាំប្រទេសបន្ត គឺ លោក អ៊ែនឌី ប៊ឺនហាំ (Andy Burnham) ដោយលោកជាអ្នកនយោបាយជើងចាស់ដ៏ល្បីម្នាក់។ គួរបញ្ជាក់ថា នៅពេលលោក ស្តាមើរ ចុះចេញពីតំណែង នោះចក្រភពអង់គ្លេសនឹងត្រូវផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីដល់ទៅ៧នាក់ហើយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលស្តែងឱ្យឃើញពីភាពមិននឹងនរនៃចរន្តនយោបាយរបស់ចក្រភពអង់គ្លេស៕



