ភ្ញាក់ផ្អើល! នាយករដ្ឋមន្ត្រីអង់គ្លេស ត្រៀមលាលែងពីតំណែងភ្លាមៗ
N
Nary Vann
12 ម៉ោងមុន

រាជធានីឡុងដ៍៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក ឃា ស្តាមឺរ (Keir Starmer) នឹងប្រកាសលាលែងពីតំណែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ព្រមទាំងដាក់ចេញកាលវិភាគជាក់លាក់សម្រាប់ការចាកចេញរបស់លោក។ នេះបើយោងតាមការចុះផ្សាយដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សារព័ត៌មាន The Observer។

លោក ឃា ស្តាមឺរ (Keir Starmer)
លោក ឃា ស្តាមឺរ (Keir Starmer)

លោក ស្តាមឺរ លើកឡើងថា ជំហរដឹកនាំរបស់លោក មិនអាចបន្តទៅមុខទៀតបានឡើយ បន្ទាប់ពីបានពិភាក្សាយ៉ាងតានតឹងជាមួយបណ្តារដ្ឋមន្ត្រី ក្រុមអ្នកប្រឹក្សាយោបល់ ក្រុមអ្នកឧបត្ថម្ភមូលនិធិ និងមេដឹកនាំសហជីពពាណិជ្ជកម្ម។ បច្ចុប្បន្ន លោក ស្តាមឺរ កំពុងពិភាក្សាលើបញ្ហាដ៏រសើបនេះជាមួយភរិយារបស់លោក​ មុនពេលសម្រេចចិត្តចុងក្រោយ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សពលករ (Labour Party) រំពឹងថានឹងមានសេចក្តីថ្លែងការណ៍ច្បាស់លាស់មួយអំពីអនាគតរបស់លោកយ៉ាងឆាប់បំផុតនៅថ្ងៃ២២មិថុនា។ 

ការត្រៀមដកខ្លួននេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ស្តាមឺរ ទើបតែបានប្តេជ្ញាថា លោកនឹងតស៊ូប្រជែងរាល់ការប៉ុនប៉ងដណ្តើមតំណែងប្រធានគណបក្សពលករ។ ជាមួយគ្នា គូប្រជែងនយោបាយដ៏ស្រួចស្រាវរបស់លោក ស្តាមឺរ គឺលោក អេនឌី ប៊ឺនហាំ (Andy Burnham) ក៏ទើបនឹងបានឈ្នះឆ្នោត ដែលជាការបើកផ្លូវឆ្ពោះទៅកាន់វិមាន Downing Street (ជាការិយាល័យនាយករដ្ឋមន្ត្រី)។ កាលពីថ្ងៃ១៩មិថុនា លោក ស្តាមឺរ ថែមទាំងបានប្រាប់អ្នកកាសែតថា លោកនឹងមិនរត់គេចពីការប្រកួតប្រជែងឡើយ ប៉ុន្តែស្ថានការណ៍នយោបាយផ្ទៃក្នុងបក្ស ហាក់បីដូចជាកំពុងរុញច្រានលោកឱ្យដើរដល់ផ្លូវទាល់ច្រកហើយ។

លោក អេនឌី ប៊ឺនហាំ (Andy Burnham)
លោក អេនឌី ប៊ឺនហាំ (Andy Burnham)

គួររំឭកថា លោក ស្តាមឺរ វ័យ៦៣ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២៤ ជាមួយអាសនៈភាគច្រើនលើសលប់ក្នុងសភា និងការសន្យាដ៏ធំធេងក្នុងការស្ដារសេដ្ឋកិច្ច បញ្ហាអន្តោប្រវេសន៍ និងប្រព័ន្ធសុខាភិបាល។ ទោះជាយ៉ាងណា ដំណើរការការងាររបស់លោក ត្រូវបានរាំងស្ទះដោយសារការកែប្រែគោលនយោបាយញឹកញាប់ ការមិនសូវហ៊ានសម្រេចចិត្តលើរឿងពិបាកៗ និងរឿងអាស្រូវនយោបាយមួយចំនួន ដែលនាំឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះដល់ចំណុចទាបបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត