
រដ្ឋធានីសេអ៊ូល៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ តុលាការប្រទេសកូរ៉េខាងត្បូង បានសម្រេចដាក់ទោសលោក ផាក ស៊ុងជេ (Park Sung-jae) អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ តុលាការរកឃើញថា ក្នុងឋានៈជារដ្ឋមន្រ្តីយុត្តិធម៌ លោក ផាក មានតួនាទី និងចំណែកក្នុងការប្រកាសច្បាប់អាជ្ញាសឹក ឬច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ តុលាការកូរ៉េខាងត្បូង ចាត់ទុកការប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនេះ ស្មើនឹងបះបោរ និងរំលោភអំណាច ហើយរុញច្រានប្រទេសជាតិឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ។ តុលាការបង្ហាញថា លោក ផាក ក៏មានទោសក្នុងអំពើបះបោរនេះដែរ។

រដ្ឋអាជ្ញា អះអាងថា នៅមុនការប្រកាសច្បាប់អាជ្ញាសឹកតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក ផាក បានឆ្លៀតបើកកិច្ចប្រជុំជាមួយមន្ត្រីក្រសួងយុត្តិធម៌អំពីរឿងនេះ ហើយថែមទាំងពិនិត្យមើលលទ្ធភាពពន្ធនាគារសម្រាប់ផ្ទុកមនុស្សទៀតផង ក្នុងករណីអាជ្ញាធរចាប់ខ្លួនអ្នកប្រឆាំង។ «ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ផាក បានណែនាំឱ្យមានកិច្ចសហការក្នុងការអនុវត្តច្បាប់អាជ្ញាសឹក» នេះជាចំណុចមួយនៅក្នុងសាលក្រមរបស់តុលាការ ដែលត្រូវបានស្រង់យកទៅចុះផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូង។

លោក យូន ស៊ុកយូល (Yoon Suk Yeol) ក្នុងអំឡុងកាន់តំណែងប្រធានាធិបតី បានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនេះ នៅឆ្នាំ២០២៤។ ថ្វីដ្បិតច្បាប់នេះ ត្រូវបានដាក់ឱ្យអនុវត្តក្នុងរយៈពេលខ្លីបំផុត ត្រឹមតែ៦ម៉ោងក៏ផុតរលត់ទៅវិញក្តី តែបាននាំឱ្យប្រទេសកូរ៉េខាងត្បូងនាពេលនោះ កើតភាពវឹកវរអស់មួយគ្រាធំ។ តុលាការ បានដាក់ទោសអតីតប្រធានាធិបតីរូបនេះ ហើយក៏ជាអ្នកស្ទាត់ជំនាញផ្នែកច្បាប់ ដែលធ្លាប់ធ្វើដល់រដ្ឋអាជ្ញាផងនោះ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

ចំណែកភរិយារបស់លោក គឺលោកស្រី គីម កុនហី (Kim Keon Hee) ក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំដែរ ក្រោមបទស៊ីសំណូក និងបន្លំភាគហ៊ុន តែមិនពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹកនោះទេ។ នៅមានមនុស្សសំខាន់ៗមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនេះ រួមមាន លោក ហាន ឌុកស៊ូ (Han Duck-soo) ជានាយករដ្ឋមន្រ្តី ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ និងលោក គីម យ៉ុងយុន (Kim Yong Hyun) ជារដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ។ ចំណែកមេដឹកនាំកងកម្លាំងមួយចំនួនទៀត ក៏ត្រូវជាប់ពន្ធនាគារក្នុងសំណុំរឿងនេះដែរ៕




