អ៊ីរ៉ង់ងាកទៅរកចិន បញ្ជាទិញយន្តហោះចម្បាំងមួយទឹក J-10B ក្រោយខកចិត្តនឹងរុស្ស៊ី
ហៀប ស៊ីថេត
8 ម៉ោងមុន

រដ្ឋធានីតេហេង់៖ បន្ទាប់ពីមើលឃើញពីវិស័យការពារដែនអាកាសរបស់ខ្លួននៅមានកម្រិត និងមហិច្ឆតាក្តោបក្តាប់ឧត្តមភាពយោធាដែនអាកាសនៅក្នុងតំបន់មជ្ឈិមបូព៌ា អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន ក្រោយខកចិត្តក្នុងការបញ្ជាទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ី...។

ថ្វីបើត្រកូលយន្តហោះទំនើប J-10C មានការចាប់អារម្មណ៍ភាគច្រើនក៏ដោយ ប៉ុន្តែរបាយការណ៍ថ្មីៗចុងក្រោយបានបង្ហាញថា អ៊ីរ៉ង់កំពុងចាប់អារម្មណ៍លើការទិញយន្តហោះចម្បាំង J-10B ជជុះ ពីចិនវិញ ដើម្បីជាដំណោះស្រាយមួយដ៏លឿន ទាន់ពេលវេលា និងចំណាយតិច។ បច្ចុប្បន្ន កងទ័ពអាកាសអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ដោយសារតែយន្តហោះចម្បាំងរបស់ពួកគេភាគច្រើនជាយន្តហោះបន្សល់ទុកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ឬមុននេះទៅទៀត។ ជាក់ស្តែង យន្តហោះចម្បាំងចំណាស់ៗដែលអ៊ីរ៉ង់កំពុងប្រតិបត្តិការរួមមាន៖ F-4 Phantom, F-5 Tiger, និងយន្តហោះ F-14 Tomcat ផលិតដោយសហរដ្ឋអាម៉េរិក។ ទោះបីជាវិស្វករអ៊ីរ៉ង់ខិតខំកែច្នៃ និងថែទាំយ៉ាងណាក៏ដោយ ប៉ុន្តែទណ្ឌកម្មសេដ្ឋកិច្ចរាប់ទសវត្សរ៍ និងកង្វះខាតគ្រឿងបន្លាស់ បានធ្វើឱ្យកងទ័ពអាកាសរបស់ប្រទេសនេះចុះខ្សោយ និងហួសសម័យយ៉ាងខ្លាំង ដែលទាមទារឱ្យមានការផ្លាស់ប្ដូរ និងធ្វើទំនើបកម្មជាបន្ទាន់។

មានសំណួរជាច្រើនចោទសួរថា ហេតុអ្វីបានជាអ៊ីរ៉ង់រើសយកយន្តហោះចម្បាំង J-10B មួយទឹក ជំនួសឱ្យ J-10C ដែលជាយន្តហោះចម្បាំងជំនាន់ថ្មីរបស់ចិន? មែនទែនទៅ យន្តហោះចម្បាំងចិន Chengdu J-10B គឺជាយន្តហោះចម្បាំងធុនស្រាលពហុតួនាទីដ៏សក្តិសមមួយប្រភេទសម្រាប់អ៊ីរ៉ង់។ សក្តិសម..នៅត្រង់ថា J-10B មានការអភិវឌ្ឍទំនើបជាងម៉ូដែលដំបូង J-10A ដោយ J-10B មានប្រព័ន្ធរ៉ាដាល្អជាងមុន កាត់បន្ថយចំណាំងផ្លាតរ៉ាដា និងមានរូបរាងជាត្រីកោណជ្រុងស្រួចៗ ដែលអនុញ្ញាតឱ្យវាហោះជ្រែកពពក ទម្លុះខ្យល់ ផ្តល់ភាពបត់បែនខ្ពស់ក្នុងការប្រយុទ្ធលើសមរភូមិប្រយុទ្ធជាក់ស្តែង។ មានមូលហេតុចម្បងៗចំនួន៣ ដែលអ៊ីរ៉ង់សម្រេចជ្រើសរើសយក J-10B មួយទឹក ជំនួស J-10C ជំនាន់ថ្មី។ ដំបូងគេនោះ​ គឺតម្លៃ និងថវិកា៖ យន្តហោះចម្បាំងជំនាន់ថ្មី J-10C មានតម្លៃថ្លៃខ្លាំងជាង ហើយម្យ៉ាងវិញទៀត ក៏ធ្លាប់មានប្រវត្តិចរចារវាងចិន-អ៊ីរ៉ង់ដែរ តែត្រូវគាំង ដោយសារតែបញ្ហាថវិកា។ ដូច្នេះ ការបញ្ជាទិញយន្តហោះមួយទឹក J-10B នឹងជួយកាត់បន្ថយការចំណាយបានច្រើន។

ទី២ គឺរហ័ស និងទាន់ចិត្ត៖ ការកុម្ម៉ង់យន្តហោះថ្មីត្រូវរង់ចាំតាមលំដាប់ផលិតកម្មវែងឆ្ងាយ ម្លោះហើយ យន្តហោះមួយទឹកអាចប្រគល់ឱ្យបានលឿនជាង និងអាចជួយបំពេញតម្រូវការការពារជាតិភ្លាមៗរបស់អ៊ីរ៉ង់ ចំពេលមានការគំរាមកំហែងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ ទី៣ គឺយុទ្ធសាស្ត្របណ្ដុះបណ្ដាល៖ ការដាក់ឱ្យប្រើប្រាស់ J-10B មុន នឹងជួយឱ្យអ្នកបើកបរ និងក្រុមបច្ចេកទេសអ៊ីរ៉ង់ស៊ាំទៅនឹងប្រព័ន្ធបច្ចេកវិទ្យារបស់ចិន មុននឹងឈានទៅបើកបរយន្តហោះជំនាន់ខ្ពស់ជាងនេះ នាពេលអនាគត។ ជាចុងក្រោយអ្នកជំនាញបានវាយតម្លៃ ថា គោលបំណងរបស់អ៊ីរ៉ង់ មិនមែនដើម្បីទៅប្រជែងផ្ទាល់ជាមួយយន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបរបស់បណ្តាប្រទេសលោកខាងលិចនោះទេ ប៉ុន្តែគឺដើម្បីពង្រឹងប្រព័ន្ធការពារអាកាស និងលើកកម្ពស់សមត្ថភាពដែនអាកាស ក្នុងកម្រិតមួយដែលអាចទប់ទល់ និងគំរាមកំហែងទៅលើគូសត្រូវបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត