
រដ្ឋធានីកង់ប៉េរ៉ា៖ អូស្ត្រាលីកាន់ប៊ិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ មានតម្លៃ១,៨ពាន់លានដុល្លារអាម៉េរិក នៅថ្ងៃចន្ទទី២២មិថុនានេះ ដើម្បីនាំចេញប្រព័ន្ធការពាររ៉ាដាដ៏ទំនើប ដែលមានឈ្មោះថា «Over-the-Horizon ឬ រ៉ាដាមើលហួសជើងមេឃ» ទៅកាន់ប្រទេសកាណាដា...។

រដ្ឋាភិបាលអូស្ត្រាលីថ្លែងថា នេះគឺជាការលក់យុទ្ធោបករណ៍ជាលក្ខណៈអន្តរជាតិលើកដំបូងបង្អស់នៃបច្ចេកវិទ្យារ៉ាដាដ៏ទំនើបរបស់អូស្ត្រាលី ដែលផ្តល់នូវការឃ្លាំមើលរយៈចម្ងាយឆ្ងាយ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាស និងផ្តល់ការព្រមានជាមុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡេស (Richard Marles) បានប្រាប់សន្និសីទសារព័ត៌មានថា៖«នេះគឺជាការនាំចេញក្នុងវិស័យការពារជាតិដ៏ធំបំផុតមិនធ្លាប់មាន ដែលយើងបានធ្វើ។ អូស្ត្រាលី និងកាណាដា តែងតែជាមិត្តល្អបំផុតនឹងគ្នា ប៉ុន្តែតាមពិតទៅ ជាមួយនឹងអ្វីដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ ទំនាក់ទំនងឥឡូវនេះ មានវិមាត្រយុទ្ធសាស្ត្រដ៏សំខាន់មួយ»។ បច្ចេកវិទ្យារ៉ាដាមើលហួសជើងមេឃ ឬ Over-the-Horizon អាចចាប់យករលកអេឡិចត្រូម៉ាញេទិក ដែលមានហ្វ្រេកង់ខ្ពស់ចាំងប្លាតចេញពីស្រទាប់អាយអូណូស្វ៊ែរ(Ionosphere) ដើម្បីស្វែងរកវត្ថុនៅឆ្ងាយៗ។

ក្រុមហ៊ុន BAE Systems Australia នឹងចាប់ផ្តើមប្រគល់ប្រព័ន្ធនៅថ្ងៃទី១ ខែកក្កដា ឆ្នាំនេះ ដែលជាដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងអូស្ត្រាលី-កាណាដា លើការអភិវឌ្ឍប្រព័ន្ធរ៉ាដារយៈចម្ងាយឆ្ងាយ។ លើសពីនេះ លោក ម៉ាឡេស បានលើកឡើងថា ប្រព័ន្ធរ៉ាដារបស់អូស្ត្រាលី គឺជាឆ្អឹងខ្នងនៃការឃ្លាំមើលរយៈចម្ងាយឆ្ងាយនៅភាគខាងជើងនៃដែនដីរបស់ខ្លួន ហើយវាជាប្រព័ន្ធរ៉ាដាដ៏ទំនើបបំផុតនៅក្នុងពិភពលោក ដោយអាចតាមដានគោលដៅក្នុងរយៈចម្ងាយ១០០០ទៅដល់ ៣០០០គីឡូម៉ែត្រឯណោះ។ លោកបន្ថែមថា៖«ដូចគ្នានឹងអូស្ត្រាលីដែរ កាណាដាមានតំបន់ធំទូលាយដែលត្រូវឃ្លាំមើល ដូច្នេះ កាណាដានឹងប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីធ្វើការឃ្លាំមើលលើតំបន់អាកទិក»៕






