
រដ្ឋធានីតេហេរ៉ង់៖ គ្រោងឆ្អឹងនៃកិច្ចព្រមព្រៀងដែលកំពុងលេចរូបរាងឡើងរវាងអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២ បានបង្កប់គម្រោងដកទណ្ឌកម្មសេដ្ឋកិច្ចចេញអ៊ីរ៉ង់។ គម្រោងដកទណ្ឌកម្មនេះ ក៏ជាទាមទាររបស់អ៊ីរ៉ង់ដែរ។ បើអាម៉េរិកដកចេញមែន វានឹងក្លាយទៅជាចំណុចស្នូលមួយដែលជួយពង្រឹងកម្លាំងយោធា និងផ្ដល់លុយរាប់ពាន់លានដុល្លារទៅឱ្យ«កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់» (IRGC)...។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC) បានរីកចម្រើនយ៉ាងខ្លាំងនៅក្រោមស្រមោលនៃទណ្ឌកម្ម ដោយបានកសាងអាណាចក្រពាណិជ្ជកម្មដ៏ធំសម្បើមមួយ ដែលលាតសន្ធឹងពាសពេញសេដ្ឋកិច្ចអ៊ីរ៉ង់ ចាប់តាំងពីវិស័យប្រេង ស្ថាបនា ដឹកជញ្ជូនតាមនាវា ទូរគមនាគមន៍ រហូតដល់កំពង់ផែ។ ពេលនេះ រដ្ឋធានីតេហេរ៉ង់ និងរដ្ឋធានីវ៉ាស៊ីនតោន កំពុងរៀបចំកិច្ចចរចាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលអាចនឹងផ្តល់លាភធំឱ្យអ៊ីរ៉ង់ និងបើកផ្លូវសេដ្ឋកិច្ចរបស់ខ្លាកំណាចមជ្ឈិមបូព៌ានេះឱ្យរស់ឡើងវិញសម្រាប់ការវិនិយោគសកល ក្នុងនោះ មានដូចជា ជំនួញប្រេង ក្រុមហ៊ុនសំណង់ខ្នាតយក្ស វិស័យទូរគមនាគមន៍ ការផលិតរថយន្ត និងកំពង់ផែដឹកជញ្ជូនជាដើម។

យោងតាមប្រភពផ្ទៃក្នុង អាណាចក្រជំនួញរបស់កងឆ្មាំបរដិវត្តិន៍អ៊ីរ៉ង់នឹងរីកធំធាត់ជាងមុនតាមរយៈច្រក២។ ទី១ មូលនិធិស្តារប្រទេស៣០០ពាន់លានដុល្លារ៖ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា អ៊ីរ៉ង់នឹងទទួលបានទឹកប្រាក់ប្រហែល ៣០០ពាន់លានដុល្លារសម្រាប់យកទៅស្តារប្រទេសឡើងវិញ។ ក្រុមហ៊ុនសំណង់ និងវិស្វកម្មរបស់កងឆ្មាំបដិវត្តន៍ ដូចជាក្រុមហ៊ុន Khatam al-Anbia (ខាថាម អាល-អានបៀ) ដែលជាអ្នកក្តោបក្តាប់ហេដ្ឋារចនាសម្ព័ន្ធស្រាប់ នឹងក្លាយជាអ្នកទទួលម៉ៅការគម្រោងធំៗទាំងនោះ។ ទី២ ច្បាប់បង្ខំឱ្យក្រុមហ៊ុនបរទេសសហការ៖ តាមច្បាប់របស់អ៊ីរ៉ង់ ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនលោកខាងលិច ដែលចង់ចូលមកវិនិយោគ ត្រូវតែចាប់ដៃគូរកស៊ីជាមួយក្រុមហ៊ុនក្នុងស្រុក។ ដោយសារក្រុមហ៊ុនក្នុងស្រុកធំៗភាគច្រើនជារបស់កងឆ្មាំបដិវត្តន៍ ដូច្នេះ ក្រុមហ៊ុនបរទេសនឹងគ្មានជម្រើសក្រៅពីរកស៊ីជាមួយពួកគេឡើយ៕




