
រាជធានីភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងការបរទេស នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍តវ៉ាជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ...។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា រៀបរាប់ថា កាលពីថ្ងៃទី១៧មិថុនា កងកម្លាំងប្រដាប់អាវុធថៃបានលើក និងបង្ហូតទង់ជាតិក្នុងទឹកដីកម្ពុជា ក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងថ្ងៃដដែលនេះ ឃ្លាំងចំនួន១ ស្ថិតក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏ត្រូវកងទ័ពឈ្លានពានថៃដុតបំផ្លាញដោយចេតនា ខណៈតំបន់នេះកំពុងស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងថៃ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់របងបេតុងនៅតំបន់ប្រាសាទតាក្របី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ។

កម្ពុជា ចាត់ទុកទង្វើទាំងនេះថា៖«ជាការរំលោភយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានកំណត់ដោយផែនទីខ្នាត១/២០០ ០០០ (១លើ២០០ពាន់) ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧»។ កម្ពុជាបង្ហាញឱ្យឃើញថា សកម្មភាពទាំងនេះរបស់ថៃ ផ្ទុយទៅនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ឬការទាមទារទឹកដីដោយឯកតោភាគីនោះទេ។ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគីនៅតាមតំបន់ព្រំដែន ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នា កម្ពុជា នៅតែប្តេជ្ញាចិត្តបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕





