
រាជធានីបាងកក៖ ប្រទេសថៃបានសម្រេចតែងតាំងអ្នកជំនាញបរទេស២រូប (ម្នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូង និងម្នាក់ទៀត មកពីប្រទេសអាល្លឺម៉ង់) សម្រាប់ដំណើរការយន្តការផ្សះផ្សាដោយចាប់បង្ខំរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានស្នើឡើងដោយភាគីកម្ពុជា ដើម្បីដោះស្រាយវិវាទដែនសមុទ្ទដ៏រ៉ាំរ៉ៃ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហសក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី១៦ ខែមិថុនា។

សូមជម្រាបថា កម្ពុជាបានសម្រេចទាញយកយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) កាលពីដើមខែឧសភានេះ បន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងឆ្នាំ២០០១ (ឬ MOU ៤៤) ដែលជាក្របខ័ណ្ឌសម្រាប់ការចរចាលើតំបន់វិវាទនៅក្នុងដែនសមុទ្ទ ជាទីតាំងដែលរាជធានីបាងកកចង់ស៊ីដាច់ចំណែកកម្ពុជា។

ដោយឡែក ប្រទេសកម្ពុជា បានតែងតាំងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ធ្វើជាតំណាងស្របច្បាប់សម្រាប់ដំណើរការក្ដីនេះ រួមជាមួយអ្នកជំនាញបរទេស២រូបដែរ គឺលោក ភីធើ ថាក់សូ-ជេនសិន (Peter Taksøe-Jensen) ជនជាតិដាណឺម៉ាក និងលោក ហ្សង់-ម៉ាក ទូវឺណាំង (Jean-Marc Thouvenin) ជនតិបារាំង ដើម្បីចូលរួមជួយផ្នែកច្បាប់ និងនីតិវិធីផ្សេងៗដល់កម្ពុជា។ សូមជម្រាបថា វិវាទដែនសមុទ្ទដ៏តានតឹងនេះ គឺទាក់ទងនឹងផ្ទៃសមុទ្ទទំហំប្រហែល២៦០០០គីឡូម៉ែត្រការ៉េ នៅក្នុងដែនសមុទ្ទថៃ ដែលត្រូវបានគេស្គាល់ថាជា «តំបន់ទាមទារត្រួតស៊ីគ្នា»។ តំបន់នេះត្រូវបានគេប៉ាន់ប្រមាណថា មានផ្ទុកឧស្ម័នធម្មជាតិជិត១២ពាន់ពាន់លានហ្វីតគូប រួមទាំងប្រេងកាតក្នុងបរិមាណដ៏ច្រើនមហាសាល ដែលមានតម្លៃសរុបប្រមាណជា ៣០០ពាន់លានដុល្លារអាម៉េរិក៕



