ថៃត្រៀមលក្ខណៈយោធានៅមូលដ្ឋានទ័ពអាកាស«ណាំប៉ុង»និង«យូតាប៉ាវ» ព្រមទាំងបញ្ជាឱ្យអ្នកបើកយន្តហោះចម្បាំងជំនាន់ក្រោយ «ត្រៀមប្រយុទ្ធគ្រប់វិនាទី»
ហៀប ស៊ីថេត
មួយម៉ោងមុន

រាជធានីបាងកក៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពអាកាសថៃ«ណាំប៉ុង (Nam Pong)» កំពុងអភិវឌ្ឍស្ដង់ដាព្រលានយន្តហោះ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងវិធានការសុវត្ថិភាពហោះហើរ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់យន្តហោះចម្បាំងគ្រប់ប្រភេទ រាប់ចាប់តាំងពីបេសកកម្មហ្វឹកហ្វឺន បេសកកម្មសន្តិសុខ រហូតដល់បេសកកម្មសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រប់ស្ថានភាព។ មិនតែប៉ុណ្ណោះ កងទ័ពអាកាសថៃបានបញ្ជាក់ថា យុវជនជំនាន់ក្រោយមានភាពរហ័សរហួន យុទ្ធជនជំនាន់កណ្តាលត្រៀមខ្លួនប្រយុទ្ធ ហើយយុទ្ធជនជំនាន់មុនត្រៀមខ្លួនជួយជ្រោមជ្រែង ស្របពេលកងទ័ពអាកាសថៃនៅមូលដ្ឋានយោធា«យូថាប៉ាវ (U-Tapao)» ក៏កំពុងកំញើញសព្វាវុធឱ្យកម្ពុជាឃើញ...។

កងទ័ពអាកាសភូមិន្ទថៃ ជំរុញ និងលើកទឹកចិត្តឱ្យអ្នកបើកយន្តហោះចម្បាំងជំនាន់ក្រោយ ត្រៀមខ្លួនប្រយុទ្ធគ្រប់វិនាទី។ នេះស្តែងឱ្យឃើញថា ថៃចង់ផ្តោតលើអ្នកបើកបរយន្តហោះថ្មីថ្មោង ត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងករណីផ្ទុះសង្គ្រាមជាមួយកម្ពុជាជុំទី៣។ កងទ័ពអាកាសថៃបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍអាកាសយានដ្ឋានណាំប៉ុង ដើម្បីលើកកម្ពស់សមត្ថភាពអាកាសចរណ៍ជាប្រព័ន្ធ ទាំងផ្នែកធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធព្រលាន និងស្ដង់ដាសុវត្ថិភាព។

សូមជម្រាបថា ថ្មីៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពអាកាសភូមិន្ទថៃ បានបង្ហោះរូបភាពមួយសន្លឹក អមជាមួយអត្ថបទរៀបរាប់ថា «GOOD TONE....FOX...HIT!!!» ដែលនេះមានន័យថា «កំណត់ឱ្យចំគោលដៅ... បាញ់... កម្ទេច!!!»។ កាសែតថៃ ចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា កងទ័ពអាកាសភូមិន្ទថៃ បានចុះពិនិត្យមើលការត្រៀមលក្ខណៈនៃការដាក់ពង្រាយកម្លាំងទ័ពអាកាស នៅអាកាសយានដ្ឋាន «យូថាប៉ាវ (U-Tapao)»។ សកម្មភាពនេះត្រូវបានអមដោយការហ្វឹកហ្វឺនប្រើប្រាស់គ្រាប់មីស៊ីលនាំផ្លូវពីអាកាសទៅអាកាសប្រភេទ AIM-9 Sidewinder នៅចុងស្លាបនៃបក្សីចម្បាំងស្លាប់ដែក Saab JAS 39D Gripen របស់កងទ័ពអាកាសភូមិន្ទថៃ។ 

កងទ័ពថៃ ប្រើពាក្យថា ត្រៀមខ្លួនក្នុងករណីផ្ទុះសង្គ្រាមជុំទី៣ជាមួយកម្ពុជា។ តើសង្គ្រាមជុំទី៣ អាចកើតឡើងយ៉ាងដូចម្តេចកើត បើខាងកម្ពុជា នៅស្ងៀម និងរក្សាជំហរគោរពបទឈប់បាញ់ជានិច្ច ឬក៏កើតឡើងដោយសារកងទ័ពថៃ? គេមិនទាន់ភ្លេចនោះទេ សង្គ្រាមទាំង២លើកក្នុងឆ្នាំ២០២៥កន្លងមក សុទ្ធតែកងទ័ពថៃចាប់ផ្តើមមុន ខណៈកម្ពុជាគ្រាន់តែការពារខ្លួន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត