
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាជុំវិញរឿងដែនសមុទ្ទ កម្ពុជាបានលាតត្រដាងថា ថៃប្រើលេសជាច្រើន ដើម្បីបដិសេធមិនចរចាទ្វេភាគី ហើយថែមទាំងលុបអនុស្សារណៈ២០០១ ចោលទៀត។

ក្នុងកិច្ចប្រជុំនេះ តំណាងថៃទទួលឱកាសបានក្បាលមេក្រូមុន ហើយក៏ចោទប្រកាន់ទាំងទទឹងទិសថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី តែបែរជាធ្វើអន្តរជាតូបនីយកម្មនៃជម្លោះទ្វេភាគី។ លោក យោង ចាន់សុភារ ជាតំណាងរងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ឆ្លើយតបវិញថា ថៃមិនបានធ្វើដូចអ្វីដែលខ្លួននិយាយទេ គឺមានលេសរាប់សិបជំពូក ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា (ឬ MoU 2001)។ លោកប្រកាសថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ជាមួយប្រទេសជិតខាងទាំងអស់ ដោយជ្រើសរើសដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមយន្តការអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ ឬ UNCLOS គឺដើម្បីការពារ គោរពអធិបតេយ្យ និងសិទ្ធិដែនសមុទ្ទរបស់កម្ពុជា។

ជាមួយគ្នានោះ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ដែរថា ថៃបានលុបចោលជាឯកតោភាគី នូវអនុស្សរណៈឆ្នាំ ២០០១ ជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្ទ ដូច្នេះ កម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំនោះទេ។ គួរជ្រាបថា កិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ ប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយមាន ប្រទេសចំនួន១៧១ចូលរួម បូករួមទាំងអង្គការផ្សេងៗទៀតផងដែរ៕



