
រដ្ឋធានីគីនស្ហាសា៖ ចំនួនអ្នកឆ្លងវីរុសអេបូឡា ត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានហក់ឡើងហួស១០០០ករណីហើយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាព រោគរាតត្បាតចុងក្រោយបង្អស់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលកុងហ្គោ កាលពីថ្ងៃទី២១មិថុនាម្សិលមិញនេះ។

យោងតាមទិន្នន័យផ្លូវការពីក្រសួងសុខាភិបាល បង្ហាញថា ប្រទេសកុងហ្គោបានកត់ត្រាអ្នកឆ្លងវីរុសអេបូឡាកើនឡើងដល់១០០៣ករណី ក្នុងនោះមានអ្នកជំងឺចំនួន២៥៤នាក់បានបាត់បង់ជីវិត ធ្វើឱ្យអត្រាស្លាប់ជារួមស្ថិតក្នុងកម្រិត២៥,៣ភាគរយ។ បច្ចុប្បន្ន មានអ្នកជំងឺសរុបចំនួន៣៦៥នាក់ កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈអ្នកជំងឺចំនួន១០០នាក់ផ្សេងទៀត បានជាសះស្បើយទាំងស្រុង។ ដោយឡែក អត្រានៃការតាមដានអ្នកប៉ះពាល់ផ្ទាល់ នៅក្នុងខេត្តទាំងបីដែលរងផលប៉ះពាល់ខ្លាំង គឺស្ថិតក្នុងរង្វង់៥៨ភាគរយ។

ទោះបីជាតួលេខអ្នកឆ្លងបន្តកើនឡើងគួរឱ្យបារម្ភក៏ដោយ អាជ្ញាធរសុខាភិបាលកុងហ្គោបញ្ជាក់ថា ប្រតិបត្តិការឆ្លើយតបនឹងជំងឺអេបូឡា នៅតែបន្តធ្វើឡើងយ៉ាងសកម្មបំផុត តាមរយៈការបង្កើនការឃ្លាំមើលឱ្យកាន់តែម៉ឺងម៉ាត់ ការចុះអប់រំផ្សព្វផ្សាយយ៉ាងស៊ីជម្រៅតាមសហគមន៍ ព្រមទាំងការខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងអ្នកជំងឺ និងការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកាចសាហាវនេះកុំឱ្យរាលដាលកាន់តែខ្លាំង៕





