វិបត្តិអេបូឡាកាន់តែក្ដៅ៖ មនុស្ស២នាក់ស្លា.ប់ក្នុងបាតុកម្ម ខណៈតុលាការកេនយ៉ាបន្តបិទខ្ទប់គម្រោងអាម៉េរិក៣សប្តាហ៍ទៀត
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីណៃរ៉ូប៊ី៖ បាតុករ២នាក់បានបាត់បង់ជីវិត ដោយសារត្រូវគ្រាប់កាំភ្លើង ក្រោយកម្លាំងប៉ូលិសបើកការបាញ់ប្រហារ ដើម្បីបំបែកហ្វូងបាតុករ នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងរបស់សហរដ្ឋអាម៉េរិក ដែលចង់បង្កើតមជ្ឈមណ្ឌលចត្តាឡីស័ក្តនៃជំងឺអេបូឡា សម្រាប់ជនជាតិអាម៉េរិកណា ដែលប្រឈមនឹងការឆ្លងមេរោគពីប្រទេសកុងហ្គោ ឬអ៊ូហ្គង់ដា។ ពលរដ្ឋកេនយ៉ាជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ដោយសារពួកគេយល់ថា អាម៉េរិកកំពុងយកហានិភ័យសុខភាពមកទម្លាក់លើប្រទេសរបស់ខ្លួន។

បន្ទាប់ពីមានការបាត់បង់ជីវិតបាតុករទាំង២នាក់នេះ តុលាការកំពូលកេនយ៉ា បានសម្រេចចេញដីកាបន្តផ្អាក និងបិទខ្ទប់គម្រោងរបស់អាម៉េរិកនេះរយៈពេល៣សប្តាហ៍បន្ថែមទៀត។ ចៅក្រមតុលាការកំពូលកេនយ៉ា បានបញ្ជាដាច់ណាត់ហាមឃាត់រដ្ឋាភិបាលមិនឱ្យបន្តការសាងសង់ ឬបើកដំណើរការមជ្ឈមណ្ឌលនេះជាដាច់ខាត រហូតទាល់តែសំណុំរឿងត្រូវបានដោះស្រាយរួចរាល់ ព្រមទាំងបង្គាប់ឱ្យរដ្ឋាភិបាលលាតត្រដាងរាល់កិច្ចព្រមព្រៀងសម្ងាត់ទាំងអស់ ជាមួយរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេល៧ថ្ងៃ។

ទោះបីជាមានការតវ៉ារហូតមានមនុស្សស្លាប់ និងមានដីកាហាមឃាត់ពីតុលាការក៏ដោយ ក៏យន្តហោះយោធាសហរដ្ឋអាម៉េរិក នៅតែបន្តដឹកជញ្ជូនបុគ្គលិក និងសម្ភារបរិក្ខារចូលមកក្នុងមូលដ្ឋានទ័ពអាកាសកេនយ៉ា យ៉ាងគគ្រឹកគគ្រេងដដែល។ ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់សុខាភិបាលសហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងសន្និសីទកាសែតនៅសេតវិមានថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអាចចរចាជាមួយកេនយ៉ា ដើម្បីសម្រេចគម្រោងនេះបាន ដោយលោកចាត់ទុកវាជាដំណោះស្រាយដ៏ល្អឥតខ្ចោះ សម្រាប់គ្រប់ភាគីទាំងអស់៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត