
រដ្ឋធានីប្រាហ្សាវីល៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្នពីចំនួនអ្នកស្លាប់ដោយសារវីរុសអេបូឡា បានហក់ឡើងដល់១០១នាក់ហើយ។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ បញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងមុននេះ មានករណីឆ្លងថ្មីចំនួន៣៥ករណី និងមានអ្នកស្លាប់ថ្មីចំនួន១០នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៥៥០ករណី...។

ការផ្ទុះឡើងនៃមេរោគអេបូឡាប្រភេទកម្រ Bundibugyo (ប៊ុនឌីបុគយ៉ូ) ត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា ក៏ប៉ុន្តែក្រុមមន្ត្រីបានបង្ហើបថា មេរោគនេះបានរីករាលដាលដោយមិនដឹងខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍បាត់ទៅហើយ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់អាជ្ញាធរសុខាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍។ បច្ចុប្បន្ន ប្រតិបត្តិការឆ្លើយតប និងជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ កំពុងជួបឧបសគ្គ និងការរារាំងយ៉ាងខ្លាំង ដោយសារវត្តមានរបស់ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ នៅក្នុងខេត្តអ៊ីទូរី (Ituri) គឺជាតំបន់រងគ្រោះខ្លាំងជាងគេ។

លើសពីនេះ ភាពមិនទុកចិត្តរបស់ពលរដ្ឋក្នុងស្រុក ក៏បានបង្កជាអំពើហិង្សាវាយប្រហារលើក្រុមការងារបញ្ចុះសព និងមជ្ឈមណ្ឌលព្យាបាលជំងឺផងដែរ។ ជាក់ស្តែង ការវាយប្រហារចុងក្រោយនៅទីសក្ការមួយកន្លែង ក្នុងក្រុងប៊ុននៀ Bunia បានបណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និងខូចខាតរថយន្តអស់២គ្រឿង។ គិតត្រឹមពេលនេះ មេរោគបានវាយលុកចូលដល់២៥តំបន់ ក្នុងខេត្តចំនួន៣។ ដោយឡែក មុនការប្រកាសរបស់រដ្ឋាភិបាល មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ធ្លាប់បានបញ្ជាក់ទិន្នន័យថា មានអ្នកឆ្លង៥៤៤ករណី និងស្លាប់៨៨នាក់៕



