
រដ្ឋធានីប្រាហ្សាវីល៖ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្នហើយ ដោយក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ មានករណីឆ្លងវីរុសអេបូឡាថ្មីរហូតដល់ទៅ៧១ករណី ត្រូវបានបញ្ជាក់ជាផ្លូវការ ដែលនេះជាទិន្នន័យប្រចាំថ្ងៃខ្ពស់បំផុតមួយ ចាប់តាំងពីជំងឺនេះផ្ទុះឡើង...។

កំណើនដ៏គំហុកនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៤៥២ករណី និងមានអ្នកបាត់បង់ជីវិតដល់៨២នាក់ហើយ គិតចាប់តាំងពីការផ្ទុះឡើងនៃមេរោគអេបូឡាប្រភេទកម្រ Bundibugyo (ប៊ុនឌីបុគយ៉ូ) កាលពីថ្ងៃទី១៥ ខែឧសភា។ អាជ្ញាធរបានព្រមានថា វីរុសនេះកំពុងឆ្លងរាលដាលយ៉ាងលឿននៅក្នុងសហគមន៍ ដោយករណីភាគច្រើនបន្តប្រមូលផ្តុំនៅក្នុងខេត្តអ៊ីធួរី Ituri និងខេត្តគីលូភាគខាងជើង (North Kivu) ជាតំបន់ដាច់ស្រយាល មានប្រព័ន្ធសុខាភិបាលទន់ខ្សោយ និងមានបញ្ហាអសន្តិសុខដោយសារតែការវាយប្រហារពីក្រុមប្រដាប់អាវុធ។ បច្ចុប្បន្ន មេរោគនេះ បានរីករាលដាលដល់ប្រទេសជិតខាង គឺអ៊ូហ្គង់ដាហើយ។

ចំពេលវិបត្តិនេះកំពុងឡើងកម្ដៅ លោក តេដ្រូស អាដហាណូម ហ្គេប្រីយេស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសដាក់ចេញនូវផែនការសកម្មភាពរយៈពេល៦ខែ តម្លៃ៥១៨លានដុល្លារអាម៉េរិក ដើម្បីជួយប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា ក្នុងការទប់ស្កាត់ការរីករាលដាល ក៏ដូចជាជួយបណ្តាប្រទេសដទៃទៀតក្នុងការត្រៀមលក្ខណៈបង្ការ តាមរយៈការរឹតបន្តឹងការពិនិត្យសុខភាពនៅតាមព្រំដែន៕




