ហ្វីលីពីន និងវៀតណាម ដំឡើងកម្រិតការទូតដល់កំពូល ការពារសន្តិសុខច្រកសមុទ្ទចិនខាងត្បូង
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានប្រកាសជាផ្លូវការនៅថ្ងៃទី១មិថុនានេះ ក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (Tô Lâm) នៅរដ្ឋធានីម៉ានីល ដោយមេដឹកនាំប្រទេសទាំងពីរ បានសម្រេចចិត្តដំឡើងកម្រិតទំនាក់ទំនងទ្វារភាគីទៅជា«ដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់»...

លោក ម៉ាកូស បានគូសបញ្ជាក់ថា ហ្វីលីពីន និងវៀតណាម មានផលប្រយោជន៍រួមគ្នាយ៉ាងច្បាស់លាស់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិនៅក្នុងតំបន់ ហើយភាពជាដៃគូនេះកាន់តែមានសារសំខាន់ខ្លាំងឡើងបន្ថែមទៀត ចំពេលតំបន់អាស៊ីកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល។ ទំនាក់ទំនងកាន់តែស៊ីជម្រៅ នឹងបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ជាពិសេស ការបង្កើនកិច្ចសហការខាងនយោបាយ សន្តិសុខ និងយោធា ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

លោក តូ ឡឹម 
លោក តូ ឡឹម 

ជាការឆ្លើយតប ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានលើកឡើងថា ហ្វីលីពីនគឺជាដៃគូតំបន់ដ៏សំខាន់បំផុតមួយរបស់វៀតណាម ដោយសារប្រទេសទាំងពីរមានចក្ខុវិស័យ និងផលប្រយោជន៍យុទ្ធសាស្ត្រដូចគ្នា។ គួរបញ្ជាក់ថា វៀតណាម គឺជាប្រទេសតែមួយគត់នៅប្លុកអាស៊ាន ដែលជាដៃគូយុទ្ធសាស្ត្ររបស់ហ្វីលីពីន បន្ទាប់ពីប្រទេសទាំងពីរបានដំឡើងកម្រិតទូតកាលពី១០ឆ្នាំមុន ដើម្បីបង្ហាញពីធ្លុងសាមគ្គីភាពក្នុងការប្រឈមមុខនឹងឥទ្ធិពលរបស់ចិន។ ទោះបីជាប្រទេសទាំងពីរ មានជម្លោះដណ្ដើមអធិបតេយ្យភាពលើកោះមួយចំនួននៅសមុទ្ទចិនខាងត្បូង ជាមួយគ្នាក៏ដោយ ក៏កងឆ្មាំសមុទ្ទនៃប្រទេសទាំងពីរ បានរួមគ្នាបង្កើតប្រវត្តិសាស្ត្រធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង កាលពីឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងនានា លើផ្លូវទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត