ល្បិចថ្មី..! ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ យករថយន្តធ្វើជាស្នាក់ការចល័តប្រព្រឹត្តបទល្មើសស្កេម
ហាក់ អ៊ីឌី
9 ម៉ោងមុន

ក្រុង​ប៉ោយ​ប៉ែ​ត៖ ជនជាតិចិនប្រុសស្រី៦នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ក្រោយរកឃើញឧបករណ៍ពាក់ព័ន្ធបទល្មើសឆបោកជាច្រើន បំពាក់លើរថយន្តពួកគេ នៅ​ចំណុច​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​មួយកន្លែង ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ...។ 

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កាលពីពេលកន្លងទៅ សមត្ថកិច្ចចម្រុះបានធ្វើការឆ្មក់បង្ក្រាបរថយន្តមួយគ្រឿងម៉ាក អាល់ផាត ពាក់ស្លាកលេខ ភ្នំពេញ ២CI-៩៦១១២ ព្រមទាំងក្របួចបានមនុស្សប្រុសស្រី៦នាក់ សុទ្ធសឹងជាជនជាតិចិន។ តាមរយៈការស្រាវជ្រាវរបស់ក្រុមការងារជំនាញរកឃើញសម្ភារពាក់ព័ន្ធសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដុំបំប្លែងភ្លើង(Inverter)មួយគ្រឿង សម្រាប់បែងចែកចរន្តអគ្គិសនីប្រើប្រាស់ប្រព្រឹត្តបទល្មើសក្នុងរថយន្ត ដោយគោលបំណងធ្វើការលួងលោមឱ្យជនរងគ្រោះលុងជឿលើការឆបោក តាមរយៈការវិនិយោគទិញភាគហ៊ុន (Stok Exchange) មានទិសដៅលើជនរងគ្រោះ នៅទីក្រុងហុងកុង។ 

បច្ចុប្បន្ន ជនបរទេសទាំងអស់ ត្រូវបានប្រគល់ជូនស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្តនីតិវិធី។ ទោះយ៉ាងណា ជុំវិញករណីខាងលើ ត្រូវបានមហាជនមើលឃើញថា ជាកលល្បិចដ៏ថ្មីសន្លាងរបស់ក្រុមឧក្រិដ្ឋជន និងគួរឱ្យព្រួយបារម្ភបំផុត ខណៈសមត្ថកិច្ច និងអាជ្ញាធរជំនាញទើបតែរកឃើញ។ ពោល គឺជាប្រតិបត្តិការផ្លាស់ប្ដូរពីមជ្ឈមណ្ឌលឆបោកអចល័ត (ដូចជា ការជួលអគារ កាស៊ីណូ ឬវីឡា) មកជា ជាប្រតិបត្តិការចល័តលើរថយន្តវិញ ដែលជាវិធីសាស្ដ្របង្កភាពងាយស្រួលក្នុងការប៉ុនប៉ងប្រព្រឹត្តិបទល្មើសរបស់ក្រុមឧក្រិដ្ឋជន ដើម្បីគេចវេះពីការតាមដាន និងការបង្ក្រាបយ៉ាងក្ដៅគគុករបស់សមត្ថកិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត